លោក ពូទីន ស្នើឱ្យបង្កើតរបបលើកលែងទិដ្ឋាការរវាងរុស្ស៊ី និងចិនជាអចិន្ត្រៃយ៍
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើឱ្យរបបលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរក្លាយជាអចិន្ត្រៃយ៍ ប្រសិនបើទីក្រុងប៉េកាំងយល់ថារឿងនេះអាចធ្វើទៅបាន និងមានប្រយោជន៍។
លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅខាងក្រៅកិច្ចប្រជុំកំពូល SCO ថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមគ្នា ដើម្បីធ្វើឱ្យរបបលើកលែងទិដ្ឋាការក្លាយជាអចិន្ត្រៃយ៍ ប្រសិនបើភាគីចិនចាត់ទុកថារឿងនេះអាចធ្វើទៅបាន និងមានប្រយោជន៍»។
លោកបានកត់សម្គាល់ថា ការធ្វើដំណើរដោយគ្មានទិដ្ឋាការបានជួយបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរចំនួន ៤៣% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋចិនចូលទៅក្នុងប្រទេសរុស្ស៊ីរយៈពេលរហូតដល់ ៣០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ រហូតដល់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦ ដោយផ្អែកលើគោលការណ៍នៃការទៅវិញទៅមក។ ពីមុនប្រទេសចិនបានណែនាំរបបលើកលែងទិដ្ឋាការស្រដៀងគ្នានេះសម្រាប់ជនជាតិរុស្ស៊ី។ ក្រោយមក ភាគីទាំងពីរបានពង្រីកសិទ្ធិចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការរហូតដល់ចុងឆ្នាំ២០២៧។ លោក ចាង ហាន់ហ៊ុយឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងមូស្គូ ធ្លាប់បាននិយាយថា ការលុបចោលទិដ្ឋាការបានជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ីប្រមាណជិត ១,៥ដងនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





