ឥណ្ឌូណេស៊ី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី៣ នៅឆ្នាំ២០២៧ បន្ទាប់ពីកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ី ត្រូវបានជ្រើសរើសជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភាអន្តរសភាលើកទី៣ (ISC-3) នាឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីការរៀបចំសន្និសីទនេះនៅរាជធានីភ្នំពេញបានបញ្ចប់ទៅប្រកបដោយលទ្ធផលផ្លែផ្កា និងសម្រេចបាននូវ «សេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ»។

នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុលតង់ បាកទីយ៉ា ណាចាមូឌីន (Sultan Baktiar Najamudin) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះឡើងយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានគូសបញ្ជាក់ថា វេទិកាសារជាថ្មីនេះបានគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើន ដែលពិភពលោកកំពុងត្រូវការ ដែលរួមមាន ការកសាងសន្តិភាព និងការដោះស្រាយជម្លោះ៖ ជំរុញយន្តការការទូតសភាដើម្បីដោះស្រាយបញ្ហានយោបាយភូមិសាស្ត្រ និងជម្លោះផ្សេងៗដោយសន្តិវិធី។

ទាក់ទងនឹងបរិស្ថាន និងកិច្ចសហប្រតិបត្តិការតំបន់ គឺការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកសាងពិភពលោកមួយ ដែលមានស្ថិរភាពជាងមុន និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដោយភាគីឥណ្ឌូណេស៊ីបានបញ្ជាក់ជំហរគាំទ្រទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ ដោយចាត់ទុកថាជាឯកសារទិសដៅដ៏ត្រឹមត្រូវក្នុងការសង្គ្រោះ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សកលលោក។

យោងតាមបទសម្ភាសន៍ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានលើកឡើងថា អគ្គលេខាធិការដ្ឋាន ISC និងព្រឹទ្ធសភាឥណ្ឌូណេស៊ី បានប្រកាសថា ឥណ្ឌូណេស៊ី នឹងទទួលវេនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី៣ នៅឆ្នាំ២០២៧។ ឯកឧត្តមបានបន្ថែមថា នេះមិនត្រឹមតែជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទទួលខុសត្រូវ និងជាប្រឡងប្រជែងដ៏ធំមួយក្នុងការបង្កើនឥទ្ធិពល និងពង្រីកវិសាលភាពនៃវេទិកា ISC ឱ្យកាន់តែធំទូលាយ។ ឯកឧត្ដមប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា បច្ចុប្បន្ន មានប្រទេសជាសមាជិកប្រមាណ ៣១ប្រទេសបានចូលរួម ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញក្តីរំពឹងទុក និងគោលដៅធំថា នឹងទាក់ទាញប្រទេសចូលរួមឱ្យបានកើនឡើងរហូតដល់លើសពី ៥០ប្រទេស នៅក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៧ ខាងមុខ៕
ដោយ៖ យា ចិន្តាខន្តី





