លោក ជឹម កុសល អញ្ជើញចុះពិនិត្យស្ថានភាពការគ្រប់គ្រងទឹក និងការប្រើប្រាស់អាងទឹកស្ទឹងជីនិត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--លោក ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រចុះពិនិត្យស្ថានភាពការគ្រប់គ្រង និងការប្រើប្រាស់ទឹកនៅអាងទឹកស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងបេសកកម្មពិនិត្យផ្ទាល់ លោកអគ្គនាយករងបានណែនាំដល់មន្ត្រីជំនាញត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីពង្រឹងការគ្រប់គ្រង ថែទាំប្រព័ន្ធធារាសាស្ត្រ និងរៀបចំការបែងចែកទឹកជូនប្រជាកសិករឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ព្រមជាមួយគ្នានេះ ត្រូវបន្តតាមដាន កត់ត្រាស្ថានភាពទឹកជាប្រចាំ និងយកចិត្តទុកដាក់ថែទាំសំណង់ធារាសាស្ត្រ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលកសិកម្ម និងវិស័យពាក់ព័ន្ធ។


សូមជម្រាបថា អាងទឹកស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានសមត្ថភាពស្តុកទឹកសរុបប្រមាណ ៣៩ លានម៉ែត្រគូប។ បច្ចុប្បន្ន បរិមាណទឹកក្នុងអាងមានប្រមាណ ៣៦ លានម៉ែត្រគូប ស្មើនឹង ៩២% នៃសមត្ថភាពស្តុក។ ប្រព័ន្ធធារាសាស្ត្រនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាប្រមាណ ១៨,០០០ ហិកតា ស្រូវរដូវប្រាំងប្រមាណ៧,៣០០ហិកតាព្រមទាំងផ្គត់ផ្គង់ទឹកស្អាត សម្រាប់ការប្រើប្រាស់ទូទៅ និងចូលរួមទ្រទ្រង់វិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់ផងដែរ៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក)





