ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន៖ សន្តិភាពរបស់កម្ពុជា ជាគំរូ និងជាគ្រឹះនៃការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- នៅក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ដែលកម្ពុជាជាម្ចាស់ផ្ទះនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងបញ្ជាក់ជាពិសេសអំពី «គំរូនៃការស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា» ដោយឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាពជាគ្រឹះនៃការអភិវឌ្ឍ៖ ដំណើរការកសាងសន្តិភាពពេញលេញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ មក គឺជាភស្តុតាងរស់ដែលបង្ហាញថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះខ្វះមិនបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី បានលើកឡើងថា ការប្រែមុខមាត់ថ្មីនៃរាជធានីភ្នំពេញ ការរីកចម្រើននៃរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម និងភាពក្រីក្រ អាចស្តារខ្លួនឡើងវិញ និងប្រែក្លាយជាប្រទេសដែលមានការអភិវឌ្ឍបាន តាមរយៈកិច្ចចរចាសន្តិភាព និងការផ្សះផ្សាជាតិ។ ក្នុងអំឡុងពេលនៃសន្និសីទ ដែលជាកិច្ចប្រជុំការទូតដ៏សំខាន់មួយ ស្តីពីសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានលើកឡើងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមផ្លូវការទូត និងការរួមគ្នាកសាងសន្តិភាពសកលលោកប្រកបដោយចីរភាព។ ក្នុងន័យនេះ ឯកឧត្តមបានរម្លឹកអំពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាន ដែលរួមមានលោកប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សារដារី និងលោកនាយករដ្ឋមន្ត្រី សេហ៍បាស សារីហ្វ ក្នុងការដឹកនាំបេសកកម្មការទូតកាលពីពេលកន្លងទៅ។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះបានឈានទៅដល់ការបង្កើតបទឈប់បាញ់ និងការបើកផ្លូវឱ្យមានកិច្ចសន្ទនាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបន្តកិច្ចចរចាសន្តិភាពបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី បានឱ្យដឹងទៀតថា ប៉ាគីស្ថានក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអារ៉ាប៊ីសាអូឌីត និងអង្គការសហប្រជាជាតិ ដើម្បីពង្រឹងសន្តិសុខ ស្ថេរភាពតំបន់ និងការដោះស្រាយបញ្ហាប្រឈមសកល ដូចជា ការប្រែប្រួលអាកាសធាតុ វិបត្តិជំងឺឆ្លង និងការវិនិយោគលើវិស័យអប់រំផងដែរ។

ជាការកត់សម្គាល់ នៅក្នុងសុន្ទរកថានោះ ឯកឧត្តមប្រធានស្ថាបនិក ISC ក៏បានលើកឡើងជាពិសេសសម្រាប់ការអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាបំបាត់ការរើសអើង ពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រែក្លាយការប្តេជ្ញាចិត្តលើក្រដាសឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព និងស្ថេរភាពយូរអង្វែងសម្រាប់ជំនាន់ក្រោយ៕
ដោយ៖ យា ចិន្តាខន្តី





