កម្ពុជាបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ នៅសាធារណរដ្ឋបារាំង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--
ទង់ជាតិដែលតំណាងឱ្យដួងព្រលឹង និងមោទនភាពជាតិខ្មែរ បាននិងកំពុងបក់រវិចពេញមួយសប្តាហ៍ នៅទីក្រុងអង់ហ្គូលែម សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលកម្ពុជាបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ (Festival du Film Francophone d’Angoulême)។

ពិធីបើកសម្ពោធជានិមិត្តរូបបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា។ ព្រះអង្គបានយាងចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត ស្របតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងព្រះរាជហឫទ័យទុកដាក់ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះមហាក្សត្រ។

ក្នុងឱកាសថ្លែងព្រះសុន្ទរកថាបើកព្រឹត្តិការណ៍ ដែលអមដោយវត្តមានរបស់ឯកឧត្តម លុយ ដាវីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង, ឯកឧត្តម François HOLLANDE អតីតប្រធានាធិបតីបារាំង, តំណាងអង្គការហ្វ្រង់កូហ្វូនី និងអាជ្ញាធរដែនដីបារាំង, សម្តេចរាជបុត្រីព្រះអនុជ បានសម្តែងនូវគារវកិច្ច និងការរំឭកគុណូបការៈដ៏ជ្រាលជ្រៅបំផុតចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាផលិតករភាពយន្តដ៏មានជំនក់ចិត្ត និងជាស្ថាបនិកមួយព្រះអង្គនៃអង្គការហ្វ្រង់កូហ្វូនី។ ស្នាព្រះហស្តភាពយន្តជាភាសាបារាំងរបស់ព្រះអង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីអត្តសញ្ញាណ គុណតម្លៃ និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ទៅកាន់សហគមន៍ហ្វ្រង់កូហ្វូន និងឆាកអន្តរជាតិ។

ភាពយន្តមួយរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្រោមចំណងជើងថា «រស់ដោយសប្បាយ» (La Joie de vivre) ស្ថិតក្នុងចំណោមភាពយន្តខ្មែរទាំង ៩ រឿងដែលត្រូវបានជ្រើសរើសមកចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តនេះ។ ផ្ទាំងទស្សនីយភាពទាំង ៩ រឿង លាតត្រដាងពីទំព័រប្រវត្តិសាស្រ្ត
កម្ពុជាក្នុងរយៈពេល ៤ ទសវត្សរ៍ ព្រមទាំងឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសិល្បៈវប្បធម៌ និងភាពរឹងមាំរបស់ប្រជាជនខ្មែរ ក្នុងការតស៊ូជំនះការលំបាក និងទុក្ខវេទនាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ស្របពេលជាមួយគ្នានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កិច្ចសហប្រតិបត្តិការវិមជ្ឈការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា និងបារាំង ក៏ត្រូវបានកត់ត្រាផងដែរ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក Xavier BONNEFONT អភិបាលក្រុងអង់ហ្គូលែម បានចុះហត្ថលេខាលើ «លិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីភាពជាដៃគូ» រវាងខេត្តកំពង់ធំ និងទីក្រុងអង់ហ្គូលែម។ កិច្ចសហប្រតិបត្តិការនេះផ្តោតសំខាន់លើការរឹតចំណងមិត្តភាព ការផ្លាស់ប្តូរក្នុងវិស័យឧស្សាហកម្មវប្បធម៌ និងការអភិរក្សបេតិកភណ្ឌ ដោយក្នុងនោះ ទីក្រុងអង់ហ្គូលែមប្តេជ្ញាគាំទ្របេក្ខភាពក្រុងស្ទឹងសែន ចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network)។

ខណៈដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅប៉ុន្មានខែខាងមុខនេះ វត្តមានដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងនាមជាប្រទេសកិត្តិយសនៃមហោស្រពភាពយន្តអង់ហ្គូលែម និងការពង្រីកភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា-បារាំង គឺជាសក្ខីភាព និងជាជំហានថ្មីមួយទៀតក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ស្របពេលដែលប្រទេសទាំងពីរកំពុងបោះជំហានឆ្ពោះទៅរកការលើកកម្ពស់កម្រិតទំនាក់ទំនងនៃ «ភាពជាដៃគូយុទ្ធសាស្ត្រ»៕

ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង





