នាយករដ្ឋមន្ត្រី ខានី ៖ កាណាដាផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា ប្រទេសកាណាដាបានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកហើយ ដោយលោកបានលើកឡើងពីវឌ្ឍនភាពមិនគ្រប់គ្រាន់នៅក្នុងកិច្ចចរចា។
លោក ខានី បាននិយាយថា ទីក្រុងអូតាវ៉ាបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ ដែលនឹងផ្តល់នូវការចូលប្រើប្រាស់ដ៏ល្អបំផុតទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់អាជីវកម្ម និងកម្មករកាណាដា។
លោកបាននិយាយថា «យើងបានសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អគោលជំហររបស់ប្រទេសកាណាដា ក្នុងនាមជាអ្នកមានកិច្ចព្រមព្រៀងដ៏ល្អបំផុតនៅក្នុងពិភពលោកជាមួយសហរដ្ឋអាមេរិក»។
លោក ខានី បាននិយាយថា «ទោះជាយ៉ាងណាក៏ដោយ វឌ្ឍនភាពនោះមិនគ្រប់គ្រាន់ដើម្បីបំពេញគោលបំណងរបស់យើងសម្រាប់ជនជាតិកាណាដាទេ»។
លោកបានបន្ថែមថា «ជាលទ្ធផល ខ្ញុំបានសម្រេចចិត្តផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយបានណែនាំអ្នកចរចារបស់ប្រទេសកាណាដាឱ្យត្រឡប់ទៅទីក្រុងអូតាវ៉ាវិញ»។
លោក ខានី បាននិយាយថា អ្នកចរចារបស់ប្រទេសកាណាដាបានខិតខំប្រឹងប្រែងដោយស្មោះត្រង់ ដើម្បីការពារផលប្រយោជន៍របស់ប្រទេសរហូតដល់នាទីចុងក្រោយ។
លោកបាននិយាយថា «ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនៅនាទីចុងក្រោយនៅក្នុងលក្ខខណ្ឌដែលស្នើឡើងដោយសហរដ្ឋអាមេរិក គឺមិនយុត្តិធម៌ទេ មិនសមហេតុផល និងបានធ្វើឱ្យមានការសង្ស័យអំពីភាពជឿជាក់នៃកិច្ចព្រមព្រៀង»។
លោក ខានី បាននិយាយថា សហរដ្ឋអាមេរិកមានបំណងដាក់ពន្ធ ៥០% លើទំនិញកាណាដាប្រហែល ២៨ពាន់លានដុល្លារអាម៉េរិក។
កិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមឡើងវិញកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន មុនថ្ងៃផុតកំណត់នៅពាក់កណ្តាលអធ្រាត្រសម្រាប់ពន្ធ ៥០% លើទំនិញកាណាដាចំនួន ៣០ពាន់លានដុល្លារកាណាដា (២២ពាន់លានដុល្លារអាម៉េរិក) ឱ្យចូលជាធរមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





