លោក ជា វ៉ាន់ចាន់អញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាស្តីពី«ឱកាសការងារ និងគោលដៅជីវិត»
AKP កំពង់ធំ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦-- លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាស្តីពី «ឱកាសការងារ និងគោលដៅជីវិត»ដែលរៀបចំឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំនៅភូមិព្រៃគុយឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សិក្ខាសាលាផ្តោតលើការផ្តល់ចំណេះដឹង ការណែនាំ និងការលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ និងអ្នកដែលមិនទាន់កំណត់គោលដៅជីវិតបានច្បាស់លាស់ ឱ្យយល់ដឹងកាន់តែប្រសើរអំពីជម្រើសនៃការសិក្សា ជំនាញវិជ្ជាជីវៈ ឱកាសការងារ និងការរៀបចំផែនការសម្រាប់អនាគត។

លោក ជា វ៉ាន់ចាន់ បានមានប្រសាសន៍លើកឡើងពីអត្ថប្រយោជន៍ដែលយុវជនអាចទទួលបានតាមរយៈការសិក្សា និងការចូលរួមក្នុងកម្មវិធីអប់រំដែលផ្តល់ការណែនាំអំពីការងារនិងគោលដៅជីវិត។ ក្នុងនោះរួមមានការទទួលបានការយល់ដឹងអំពីការងារ និងការរៀបចំគោលដៅជីវិត ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងទទួលបានឱកាសក្នុងការស្វែងរកការងារ និងឱកាសផ្សេងៗដែលអាចជួយដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។

លោកជា វ៉ាន់ចាន់បានបញ្ជាក់ថា អត្ថប្រយោជន៍ពិសេសមួយដែលយុវជនអាចទទួលបាន គឺឱកាសអាហារូបករណ៍១០០ភាគរយ ពីវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ ព្រមទាំងអត្ថប្រយោជន៍ និងឱកាសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការសិក្សា និងការងារ។
ជាមួយគ្នានេះ លោក ឃាត់ វុទ្ធី នាយកវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំបានលើកឡើងអំពីចក្ខុវិស័យ បេសកកម្ម និងគោលដៅរបស់វិទ្យាស្ថាន ក្នុងការចូលរួមផ្តល់ការអប់រំ និងបណ្តុះបណ្តាលដល់យុវជនឱ្យមានចំណេះដឹង និងជំនាញសមស្របសម្រាប់ការសិក្សាបន្ត និងទីផ្សារការងារ។

លោកនាយកបានចាត់ទុកសិក្ខាសាលានេះជាឱកាសពិសេសសម្រាប់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី១២ ប៉ុន្តែមិនទាន់មានគោលដៅច្បាស់លាស់ ដើម្បីទទួលបានព័ត៌មាន និងការណែនាំដែលអាចជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានកាន់តែច្បាស់លាស់លើការសិក្សា និងអាជីពនាពេលអនាគត។ ការរៀបចំសិក្ខាសាលានេះ ត្រូវបានរំពឹងថានឹងចូលរួមជួយបង្កើនការយល់ដឹងរបស់យុវជនអំពីសារៈសំខាន់នៃការកំណត់គោលដៅជីវិត ការអភិវឌ្ឍសមត្ថភាព និងការត្រៀមខ្លួនសម្រាប់ឱកាសការងារនាពេលខាងមុខ៕
ដោយ ស៊ុម វណ្ណា





