ឯកឧត្តម លី កុសល៖ សហព័ន្ធវាយសីអាស៊ីទទូចស្នើសុំកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតតំបន់បន្តទៀត បន្ទាប់ពីការរៀបចំរបស់កម្ពុជាផ្តល់ភាពកក់ក្តៅដល់អត្តពលិកចូលរួម
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦–ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣ បានបញ្ចប់ដោយជោគជ័យ ខណ:សហព័ន្ធវាយសីអាស៊ីបានស្នើសុំឱ្យកម្ពុជាបន្តរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧បន្តទៀត។
ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី៣ ក្រោមការរៀបចំដោយសហព័ន្ធកីឡាវាយសីអាស៊ី និងគាំទ្រ
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នៅក្រោយបញ្ចប់ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ រយៈពេល៧ថ្ងៃនេះ ពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ បានបញ្ចប់ដោយមោទនភាព នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ឯកឧត្តម លី កុសល មានប្រសាសន៍ថា សហព័ន្ធកីឡាវាយសីអាស៊ី (BA) បានកោតសសើរ និងវាយតម្លៃខ្ពស់ថា ការរៀបចំរបស់កម្ពុជាបានល្អ ហើយ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាវាយសីអាស៊ីបានបន្តស្នើសុំឱ្យកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់នេះនៅក្នុងឆ្នាំ២០២៧បន្តទៀត។
ឯកឧត្តមប្រធានអះអាងថា កក្តាដែលជំរុញឱ្យការរៀបចំព្រឹត្តិការណ៍មួយនេះមានកម្រិតស្តង់ដាទទួលបានការកោតសសើរខ្លាំងពីសហព័ន្ធកីឡាវាយសីអាស៊ីបែបនេះ គឺអាស្រ័យដោយមានការរួបរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេស គឺទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សិទ្ធិអនុញាតឱ្យសហព័ន្ធកីឡាវាយសីកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។ ការផ្តល់នូវកិត្តិយសដ៏ធំធេងនេះហើយ ទើបជំរុញឱ្យសហព័ន្ធកីឡាវាយសីកម្ពុជា បានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងការត្រៀមកីឡាករ កីឡាការិនី និងការទទួលបដិសណ្ឋាកិច្ចធ្វើយ៉ាងណាបង្កលក្ខណៈឱ្យអត្តពលិកអន្តរជាតិមកចូលរួមទទួលបានភាពកក់ក្តៅ និងសុខសុវត្ថិភាព។

ជាមួយគ្នានេះ ឯកឧត្តមប្រធានសហព័ន្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូឧបត្ថម្ភគាំទ្រ និង មន្រ្តីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយសម្របសម្រួល ក្នុងព្រឹត្តិការណ៍ទាំងមូល ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រដល់ការប្រកួត ធ្វើឱ្យការរៀបចំទទួលបានជោគជ័យលើសការរំពឹងទុក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកទី៣នេះ ប្រទេសដែលដណ្តើមបានមេដាយមាសច្រើនជាងគេ ដោយឈរនៅលេខ១ គឺប្រទេសមីយ៉ាន់ម៉ា ដណ្តើមបានមេដាយសរុប២៤គ្រឿង មាស១២ ប្រាក់៦ និងមេដាយសំរឹទ្ធ៤គ្រឿង, ចំណាត់ថ្នាក់លេខ២ ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយសរុប ២១គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង ប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធិ ៩គ្រឿង ខណៈប្រទេសឡាវឈរនៅចំណាត់លេខ៣ដណ្តើមបានមេដាយសរុប១២គ្រឿង មាស១ ប្រាក់៣ និងសំរឹទ្ធិ៨ និងលេខ៤ បានទៅលើប្រទេសប្រទេសព្រុយណេ ឈរនៅចំណាត់លេខ៤ដណ្តើមបានមេដាយសំរឹទ្ធិ ៦គ្រឿង៕
ដោយ ហេង ណាលីន





