ឥណ្ឌូណេស៊ីផ្តល់អាទិភាពដល់អាគុយនីកែលក្នុងយុទ្ធសាស្ត្រយានយន្តអគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ -- លោក បាលីល ឡាហាដាលីយ៉ា រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាលើការលើកទឹកចិត្តសម្រាប់អាគុយនីកែល-ម៉ង់ហ្គាណែស-កូបល (NMC) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីពន្លឿនការទទួលយកយានយន្តអគ្គិសនី (EV) ដែលដំណើរការដោយនីកែលក្នុងស្រុក។
សារព័ត៌មាន Antara របស់ឥណ្ឌូណេស៊ី បានដកស្រង់សម្តីរបស់លោក បាលីល ដែលបាន និយាយថា ការលើកទឹកចិត្តដែលបានស្នើឡើងនេះ ជាការឆ្លុះបញ្ចាំងពីការផ្តោតការយកចិត្តទុកដាក់របស់ប្រទេសឥណ្ឌូណេស៊ីទៅលើការអភិវឌ្ឍឧស្សាហកម្ម EV ដែលផ្តោតលើអាគុយដែលមានមូលដ្ឋានលើរ៉ែនីកែល។ អាគុយលីចូមជាតិដែកផូស្វាត (LFP) មិនមែនជាអាទិភាពទេ ព្រោះប្រទេសនេះខ្វះវត្ថុធាតុដើមដែលត្រូវការដើម្បីផលិតវា។
ប្រទេសឥណ្ឌូណេស៊ីកំពុងកសាងប្រព័ន្ធអេកូឡូស៊ីអាគុយ EV រួមបញ្ចូលគ្នាដោយផ្អែកលើទុនបម្រុងនីកែលដ៏សម្បូរបែបរបស់ខ្លួន ហើយផែនទីបង្ហាញផ្លូវឧស្សាហកម្មរថយន្តរបស់ខ្លួននឹងបន្តផ្តល់អាទិភាពដល់បច្ចេកវិទ្យាអាគុយ NMC។
កាលពីខែឧសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក ពូបាយ៉ា យូឌី សាដេវ៉ា បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំកម្មវិធីលើកទឹកចិត្តដល់យានយន្ត EV ដែលផ្តោតទៅលើរថយន្តអគ្គិសនីចំនួន ១០០.០០០គ្រឿង និងម៉ូតូអគ្គិសនីចំនួន ១០០.០០០គ្រឿងនៅក្នុងឆ្នាំនេះ។
ក្រោមសំណើនេះ អ្នកទិញម៉ូតូអគ្គិសនីអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរូពីឥណ្ឌូណេស៊ី (២៨០ដុល្លារអាម៉េរិក) ក្នុងមួយគ្រឿង ខណៈដែលអ្នកទិញរថយន្តអគ្គិសនីអាចទទួលបានអត្ថប្រយោជន៍ពីការគ្របដណ្តប់របស់រដ្ឋាភិបាលចំនួន ៤០-១០០% នៃពន្ធលើតម្លៃបន្ថែម (VAT)។ គម្រោងនេះត្រូវបានគេរំពឹងថានឹងអនុវត្តចំពោះតែរថយន្តអគ្គិសនីអាគុយប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលរថយន្តកូនកាត់ទេ។
ការលើកទឹកចិត្តសម្រាប់រថយន្តអគ្គិសនីនឹងត្រូវបានបែងចែកទៅតាមបច្ចេកវិទ្យាថ្ម ជាមួយនឹងប្រភេទដាច់ដោយឡែកសម្រាប់ថ្មដែលមានមូលដ្ឋានលើនីកែល និងមិនមែននីកែល។
លោក អ៊ែរឡាងហ្កា ហាតាតូ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បាននិយាយថា កម្មវិធីលើកទឹកចិត្តនេះនឹងត្រូវបានតម្រឹមជាមួយនឹងផែនការទូលំទូលាយរបស់ប្រទេស ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត និងម៉ូតូអគ្គិសនីជាតិ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនទាន់បានប្រកាសពីរចនាសម្ព័ន្ធចុងក្រោយ ឬពេលវេលាអនុវត្តនៃគោលនយោបាយនេះនៅឡើយទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





