នាយករដ្ឋមន្ត្រីកម្ពុជាអរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់លើរដ្ឋបាលសាធារណៈ
AKP សៀមរាប ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជា ប្រទេសជាសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន និងប្រទេសដៃគូបូកបីដ៏ជិតស្និទ្ធរបស់អាស៊ានគឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់លើរដ្ឋបាលសាធារណៈ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨នាពេលនេះថាជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដោយបើកចំហ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម ហើយថាចំពោះការដោះស្រាយបញ្ហាប្រឈមទាំងឡាយគឺ ទាមទារនូវមន្ត្រីដែលមានវិជ្ជាជីវៈ សមត្ថភាព និងការលះបង់ខ្ពស់ ព្រមទាំងមានចំណេះជំនាញពិតប្រាកដ សុចរិតភាព និងឆន្ទៈមុតមាំ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ស្របពេលដែលយើងត្រូវបន្តអនុវត្តកែទម្រង់រដ្ឋបាលសាធារណៈនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា នៅទូទាំងពិភពលោកយើងសង្កេតឃើញមាននិន្នាការជំរុញបរិវត្តកម្មចំនួន៣ ដែលកំពុងជះឥទ្ធិពលលើវិស័យសាធារណៈ ដែលអាចមានកម្រិត និងភាពខុសៗគ្នាតាមប្រទេស៖ ទី១. ការរំពឹងរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់៖ ប្រជាពលរដ្ឋមានការរំពឹងចង់បានសេវាសាធារណៈដែលមានភាពឆ្លើយតបខ្ពស់ ងាយស្រួលទទួលបាន និងប្រកបដោយតម្លាភាព ជំនឿទុកចិត្តពីប្រជាពលរដ្ឋកាន់តែភ្ជាប់ជាមួយនិងសុចរិតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងតម្លាភាព។ ទី២. បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)៖ រដ្ឋាភិបាលជាច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្អែកលើទិន្នន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការប្រែប្រួលថ្មីនេះទាមទារឱ្យមន្ត្រីមានសមត្ថភាពឌីជីថល ដែលចេះប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ ប្រកបដោយបរិយាបន្ន និងគណនេយ្យភាព។ ទី៣. ការប្រកួតប្រជែងក្នុងការទាក់ទាញធនធានមនុស្ស៖ យើងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីវិស័យឯកជន ក្នុងការទាក់ទាញធនធានមនុស្សដែលមានទេពកោសល្យខ្ពស់។ ដូច្នេះ ស្ថាប័នសាធារណៈត្រូវធ្វើទំនើបកម្មប្រព័ន្ធជ្រើសរើសមន្ត្រីដោយផ្អែកលើគុណាធិបតេយ្យ រៀបចំវឌ្ឍនភាពអាជីពរបស់មន្ត្រីដែលមានភាពបត់បែន និងជំរុញការអភិវឌ្ឍធនធានមនុស្សជាយុទ្ធសាស្ត្រ ដោយនិន្នាការដែលមានចរិតរចនាសម្ព័ន្ធទាំងនេះ គូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកាពហុភាគី។

ក្នុងឱកាសនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បប្រែក្លាយឯកសារទាំងឡាយឱ្យទៅជាសកម្មភាពជាក់ស្តែង ដែលក្នុងស្មារតីនេះ កម្ពុជាពិតជាមានមោទនភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេន នៃបណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន (PSTI) សម្រាប់អាណត្តិឆ្នាំ ២០២៧-២០២៨ ដោយសម្តេចសូមប្រគល់ភារកិច្ចនេះជូនសាលាភូមិន្ទរដ្ឋបាលក្នុងនាមជាស្ថាប័នទទួលខុសត្រូវ ដោយសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការងារនេះឱ្យចេញលទ្ធផលជាក់ស្តែង៕

ដោយ៖ ចាន់ សុភឿន





