ជប៉ុន និងសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោកស្រី សាតស៊ុគី កាតាយ៉ាម៉ា បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េនក្នុងទីផ្សាររូបិយប័ណ្ណ ដែលជាជំហានដំបូងក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។
សកម្មភាពរួមគ្នាកាលពីពេលថ្មីៗនេះក្នុងអំឡុងពេលជួញដូរនៅទីក្រុងញូវយ៉ក បានកើតឡើងបន្ទាប់ពីប្រាក់យ៉េនបានឡើងដល់ ១៦៣,៩៩យ៉េនក្នុងមួយដុល្លារអាម៉េរិកកាលពីថ្ងៃទី២៣ ខែកក្កដា ដែលជាកម្រិតខ្សោយបំផុតក្នុងរយៈពេលប្រហែល ៤០ឆ្នាំ។
លោកស្រី កាតាយ៉ាម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា អន្តរាគមន៍នេះត្រូវបានធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក-ជប៉ុន ដែលចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២៥ ហើយបានទប់ទល់នឹងការប្រែប្រួលហួសហេតុ និងចលនាមិនប្រក្រតីនៃប្រាក់យ៉េនជប៉ុនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោកស្រីបានបន្ថែមថា «ក្រសួងហិរញ្ញវត្ថុជប៉ុននៅតែយកចិត្តទុកដាក់និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីរបស់យើងនៅក្រសួងរតនាគារសហរដ្ឋអាមេរិក។ យើងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើអន្តរាគមន៍រួមគ្នាបន្ថែមទៀតទេ»។
នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រាក់យ៉េនបានកើនឡើងដល់កម្រិតទាបជាង ១៥៧យ៉េនធៀបនឹងប្រាក់ដុល្លារអាម៉េរិកដោយប្រភពរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីអន្តរាគមន៍ទីផ្សារប្តូរប្រាក់បរទេសដោយអាជ្ញាធររូបិយប័ណ្ណ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានក្យូដូញូវស៍។
ការទិញប្រាក់យ៉េនបានកើនឡើងពេញមួយយប់ក្នុងអំឡុងពេលជួញដូរនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ ដោយរូបិយប័ណ្ណនេះបានកើនឡើងដល់កម្រិត ១៥៧យ៉េនក្នុងមួយដុល្លារអាម៉េរិក ដោយបានឈានដល់កម្រិតខ្លាំងបំផុតចាប់តាំងពីពាក់កណ្តាលខែឧសភា ដោយបានកើនឡើងជិត ៥យ៉េនក្នុងរយៈពេលប្រហែល ៥០នាទី មុនពេលធ្លាក់ចុះមកនៅត្រឹមកម្រិត ១៦០យ៉េនក្នុងមួយដុល្លារអាម៉េរិកវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





