ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃ២៣ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរយៈពេល ៣ថ្ងៃដែលទឹកជំនន់ទន្លេមេគង្គបានកើនឡើង ។

អំឡុងពេលចុះពិនិត្យនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវពិនិត្យពីការឆ្លើយតបចំពោះតម្រូវការចាំបាច់នានា ជាពិសេសតាមដានឱ្យបានល្អប្រសើរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព និងតាមខ្នងផ្ទះដែលប្រឈមហានិភ័យ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានរម្លឹកដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ត្រូវសហការតាមដានពីស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។


យោងតាមរបាយការណ៍ ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានប៉ះពាល់ដល់ស្រុកចំនួន០២ រួមមាន ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ស្មើនឹង ០៧ឃុំ។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណចំនួន ៣.៧១៩គ្រួសារ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពប្រមាណ ១.៤៣០គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មមួយចំនួន។ ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋបាលខេត្តបានរៀបចំទីទួលសុវត្ថិភាពចំនួន ០៥កន្លែង សម្រាប់ទទួលប្រជាពលរដ្ឋដែលត្រូវបានជម្លៀស រួមមាន ទួលឧកញ៉ា អាន ម៉ាឌី ទួលឧកញ៉ា វ័ន ប៊ុនថៃ ទួលបេង ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់៕


ដោយ៖ ណយ នឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





