ក្រសួងបរិស្ថាន និងអង្គការ CI រៀបចំប្រារព្ធទិវាមន្ត្រីឧទ្យានុរក្ស ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ -- អង្គការអភិរក្សអន្តរជាតិ កម្ពុជា (អង្គការ CI) សហការជាមួយក្រសួងបរិស្ថាន និងអង្គការអភិរក្សជាដៃគូ រួមគ្នាបានរៀបចំប្រារព្ធទិវាមន្ត្រីឧទ្យានុរក្ស ឆ្នាំ២០២៦ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការព្រះអាទិត្យ ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ទិវាមន្ត្រីឧទ្យានុរក្ស ឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ «មន្រ្តីឧទ្យានុរក្ស អ្នកការពារធម្មជាតិក្នុងបរិបទពិភពលោកដែលកំពុងផ្លាស់ប្តូរ សុខុមាលភាព និងការប្តេជ្ញាចិត្តដោយសុឆន្ទៈ» ដើម្បីលើកទឹកចិត្តនិងផ្តល់ការទទួលស្គាល់ចំពោះតួនាទីដ៏សំខាន់របស់មន្រ្តីឧទ្យានុរក្ស ដែលជាកម្លាំងជួរមុខក្នុងការការពារព្រៃឈើ សត្វព្រៃ ជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា។ ក្នុងនាមជាដៃគូអភិរក្សយូរអង្វែង អង្គការCI បន្តសហការយ៉ាងជិតស្និទជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិស្របតាមគោលការណ៍សិទ្ធមនុស្ស អភិរក្សជីវៈចម្រុះ កសាងភាពធន់របស់សហគមន៍ និងលើកកម្ពស់ជីវភាពប្រកបដោយចីរភាព។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងបរិស្ថាន រដ្ឋបាលខេត្ត តំណាងមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស អាជ្ញាធរ និងដៃគូពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបប្រមាណ ១៤០នាក់ ។ អ្នកចូលរួមបានជួបជុំគ្នាដើម្បីអបអរសាទរដល់កិច្ចការងារ និងតួនាទីដ៏ចាំបាច់របស់មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការពារធនធានធម្មជាតិ។ ក្នុងពិធីនេះ តំណាងមន្ត្រីឧទ្យានុរក្សបានថ្លែងសារប្តេជ្ញាចិត្ត បង្ហាញពីសកម្មភាពល្បាត និងបង្ក្រាបបទល្មើសនៅទីវាលជាក់ស្តែង ព្រមទាំងមានការប្រគល់កូនឈើ និងដាំកូនឈើនៅទីតាំងពិធីផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖CI)





