ការរៀបចំ៤ប្រភេទកីឡាបញ្ចប់ដោយជោគជ័យ នៃព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--ការរៀបចំការប្រកួតលើ៤ប្រភេទកីឡា នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលប្រសិទ្ធនាមថា «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោយដំណើរប្រកួតរយៈពេល៥ថ្ងៃ។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរទេចរណ៍ខេត្តគណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចការនឿយហត់រៀបចំព្រឹត្តិការណ៍នេះឡើង រហូតសម្រេចបានជោគជ័យតាមការគ្រោងទុក។ លោកអភិបាលរងខេត្ត ក៏បានចាត់ទុកវត្តមានកីឡាករ កីឡាការិនីទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកីឡាគុនខ្មែរ វប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ ជាពិសេសបានផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាក៏ដូចជានៅខេត្តព្រះសីហនុទៅកាន់ពិភពលោក។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានជម្រាបជូនថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបង្កើនការការផ្សព្វផ្សាយ និងទាក់ទាញគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ការផ្សព្វផ្សាយផលិតផលក្នុងស្រុក ការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសហគមន៍ ជាពិសេសចូលរួមជំរុញយុទ្ធនាការទេសចរណ៍នារដូវកាលបៃតង ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍។ ក្នុងនាមជាសេនាធិការឱ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ វាយកូនឃ្លីលើតុ ចំបាប់កាច់ដៃ និងសហព័ន្ធបាល់ទះ។ ចំពោះការរៀបចំ៤ប្រភេទកីឡានេះរួមមាន៖ កីឡាប្រដាល់គុនខ្មែរ, បាល់ទះឆ្នេរខ្សាច់, វាយកូនឃ្លីលើតុ និងចំបាប់កាច់ដៃ។

ជាមួយគ្នានេះ លោក គង់ សុភាព អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា ការប្រកួតកីឡាចំបាប់កាច់ដៃនេះបានរៀបចំឡើងពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានដោតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ក្រោមប្រធានបទ កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា។ អគ្គលេខាធិការរូបនេះបានលើកបង្ហាញពីភាពផុសផុលខ្លាំង ក្នុងការចូលរួមប្រកួតរបស់កីឡាករយ៉ាងច្រើន ដែលជាសញ្ញាវិជ្ជមាន ក្នុងការជំរុញឱ្យប្រភេទកីឡាមួយនេះកាន់តែមានការអភិវឌ្ឍកាន់តែល្អប្រសើរបន្ថែមទៀត។

លោក គង់ សុភាព បន្ថែមថា សម្រាប់ការរៀបចំប្រភេទកីឡាចំបាប់កាច់ដៃនេះរៀបចំលើ៣វិញ្ញាសា ហើយក្នុង១វិញ្ញាសាមានកីឡាករចូលរួម ៤០នាក់ដូចៗគ្នា សរុប ១២០នាក់។ ចំពោះជ័យលាភី រួមមាន៖ វិញ្ញាសាទម្ងន់ ៦៥គីឡូក្រាមចុះ ចំណាត់ថ្នាក់លេខ១ កីឡាករ ផែន សុផាផៃ មកពីអង្គភាពមូលដ្ឋានសមុទ្ររាម។ វិញ្ញាសា ទម្ងន់ ៧០គីឡូក្រាមចុះ មេដាយមាស បានទៅលើកីឡាករ ម៉េត ចាន់រស្មី មកពីខេត្តស្វាយរៀង ខណៈវិញ្ញាសា ទម្ងន់ ៩៥គីឡូក្រាមចុះ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើកីឡាករ ម៉ៅ ភារ៉ូ ខេត្តព្រះសីហនុ។ ក្រៅពីជ័យលាភីមេដយមាស ក៏មានចំណាត់ថ្នាក់លេខ២ដល់ចំណាត់ថ្នាក់លេខ៤ អមវិញ្ញាសាទាំង៣នេះដូចៗគ្នាផងដែរ៕
ដោយ ហេង ណាលីន





