អង្គការ FAO និងប្រទេសចិន កំពុងបើកឱកាសថ្មីៗសម្រាប់កសិករ តាមរយៈការកែច្នៃផ្លែស្វាយឱ្យកាន់តែប្រសើរ និងការតភ្ជាប់ទីផ្សារកាន់តែរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ — ឧស្សាហកម្មស្វាយរបស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលធ្វើឱ្យស្វាយក្លាយជាផលិតផលកសិកម្មដ៏មានសក្តានុពលរបស់ប្រទេស។ បញ្ហា ប្រឈម បន្ទាប់ គឺ ការ មិន ដាំ ស្វាយ បន្ថែម ទៀត ទេ គឺ វា នឹង បង្កើត តម្លៃ បន្ថែម ពី រាល់ ការ ប្រមូល ផល។ នេះបើយោងតាមការឱ្យដឹងពីអង្គការ FAO នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ។

ក្នុងនាមជាផលិតផលអាទិភាពរបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើម «ផលិតផលមួយ ភូមិមួយ» (OCOP) ផ្លែស្វាយកំពុងបើកឱកាសថ្មីៗសម្រាប់កសិករ តាមរយៈការកែច្នៃកាន់តែប្រសើរ ការតភ្ជាប់ទីផ្សារកាន់តែរឹងមាំ និងការកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល។

ក្រោមក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) រវាងអង្គការ FAO និងប្រទេសចិន អ្នកជំនាញមកពីវិទ្យាស្ថានវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិកនៃប្រទេសចិន (Chinese Academy of Tropical Agricultural Sciences) បានសហការជាមួយអង្គការ FAO អគ្គនាយកដ្ឋានកសិកម្ម និងគម្រោង PEARL ដើម្បីចុះជួបសំណេះសំណាលជាមួយកសិករដាំស្វាយ សហករណ៍ អ្នកប្រមូលទិញ និងអ្នកកែច្នៃស្វាយ នៅក្នុងខេត្តកំពង់ស្ពឺ បាត់ដំបង និងឧត្តរមានជ័យ។ ការចុះពិនិត្យជាក់ស្តែងនេះមានគោលបំណងស្វែងរកដំណោះស្រាយជាក់ស្តែងនានា ដើម្បីកែលម្អការកែច្នៃ ពង្រឹងប្រព័ន្ធតាមដានប្រភពដើមផលិតផល ពង្រីកឱកាសទីផ្សារ និងបង្កើនតម្លៃស្វាយរបស់កម្ពុជា។

ការយល់ដឹង និងទិន្នន័យដែលទទួលបាននឹងជួយកំណត់ទិសដៅសកម្មភាពនាពេលអនាគតក្រោមគំនិតផ្តួចផ្តើម OCOP ខណៈដែលគម្រោង PEARL ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) បន្តជួយកសិករខ្នាតតូចក្នុងការបង្កើនផលិតកម្ម បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតភ្ជាប់ទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កំពុងជួយផ្លាស់ប្តូរវិស័យស្វាយរបស់កម្ពុជា ចាប់ពីដំណាក់កាលផលិតនៅកសិដ្ឋានរហូតដល់ទីផ្សារ ដោយបង្កើតឱកាសកាន់តែប្រសើរឡើងសម្រាប់កសិករ អាជីវករ និងអ្នកប្រើប្រាស់៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ FAO)





