ស៊ីម៉ាក់បង្ហាញលទ្ធផលសម្រេចបានរយៈពេល៦ខែ នៃវិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌពីសង្រ្គាមរបស់កងទ័ពថៃឈ្លានពាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៦--
អង្គភាពស៊ីម៉ាក់(CMAC)បានបង្ហាញពីការដោះស្រាយវិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមកងទ័ពថៃឈ្លានពានក្នុងរយៈពេល៦ខែគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦នេះ។

ចំពោះលទ្ធផលសម្រេចបានទាំងនេះមាន ដូចជា៖
១. ការងារផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះតាមក្រុមគោលដៅបានចំនួន ១៤.៤៧៧លើក មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.៣៧៤.៨៨៧៧នាក់។
២. ការងារស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន៖ អង្គភាពCMAC បានដំណេីរការស្រាវជ្រាវព័ត៌មានតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាននៅតាមបណ្តាខេត្តទាំង៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកោះកុង ក្នុង២២ស្រុក ស្មេីនឹង៦០ឃុំ/សង្កាត់ ស្មេីនឹង៣៣៥ភូមិ ដោយកំណត់ត្រាលទ្ធផលដូចខាងក្រោម៖
* ទីតាំងទម្លាក់គ្រាប់បែកចំនួន ២៦៥ ពហុកោណ ស្មេីនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន ៤.៨២៩ហិកតា។
* ទីតាំងគ្រាប់បែកចង្កោមចំនួន៣.៨៥៨ ពហុកោណ ស្មេីនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន ២៦២.៥០៦ហិកតា តាមការប៉ាន់ស្មានអាចទាហានសៀមបាញ់គ្រាប់បែកចង្កោមប្រភេទគ្រាប់១៥៥មមចំនួប្រមាណជា១២០.០០០ទៅ១៣០.០០០គ្រាប់ និងមានកូនគ្រាប់បែកចង្កោមប្រភេទM42,M46 និងM85 ប្រមាណ៦លានទៅ៧លានគ្រាប់ ហេីយអាចមានកម្រិតមិនផ្ទុះ (failure rate)ប្រមាណ២៥%ទៅ៣០% ។

* ទីតាំងគ្រាប់មិនទាន់ផ្ទុះប្រភេទផ្សេងៗទៀតមានចំនួន១.៤០១ ពហុកោណ មានផ្ទៃដីរងផលប៉ះពាល់ចំនួន១១៩.៨៧០ហិកតា
សរុបរួម៖ មានចំនួន៥.៣៤៨ ទីតាំង(ពហុកោណ)ស្មើនឹង៣៨៧.២០៦ហិកតា (ឬ៣.៨៧២គីឡូម៉ែត្រការេ) ជាមួយកំណត់រកឃេីញភស្តុតាងជាក់ស្តែងជាង១៨.៥០០ ភស្តុតាង។
សំគាល់៖ ភូមិសាស្ត្រមិនទាន់អាចស្រាវជ្រាវព័ត៌មានវាយតម្លៃតំបន់ផ្ទៃដីរងផលប៉ះពាល់បានមានចំនួន១៤ភូមិនិងតំបន់សមរភូមិជួរមុខតាមខ្សែបន្ទាត់ព្រំដែនទាំងស្រុង។

៣. ការបោសម្អាតរំដោះផ្ទៃដីអាទិភាពសម្រាប់គាំទ្រជនភៀសសឹកវិលត្រឡប់ទៅលំនៅដ្ឋានវិញបានចំនួន៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីប្រមាណជិត១.៤៥៥ហិកតា តំបន់ផ្ទៃដីសាលារៀនចំនួន៨៧ខ្នង មណ្ឌលសុខភាពស្មើនឹងផ្ទៃដី១៥៤ហិកតា តំបន់មណ្ឌលសុខភាពចំនួន២០ទីតាំង វត្តអារាមមានចំនួន៦វត្ត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន១១៤ទីតាំង។
* បានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង៨.៤០០គ្រាប់ ដែលក្នុងចំនួននេះមានគ្រាប់បែកចង្កោមចំនួន៤.៤៣៦គ្រាប់៕
ដោយ មករា





