ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងអរិយក្សត្រ រួមជាមួយស្រុកល្វាឯម ខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅក្រុងអរិយក្សត្រ រួមជាមួយស្រុកល្វាឯម ខេត្តកណ្តាល ដោយមានសមាសភាពចូលរួមសរុបចំនួន១៨៤នាក់។

ពិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ព្រឹទ្ធសភាប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងលើកទឹកចិត្តឱ្យអាជ្ញាធរ និងក្រុមប្រឹក្សាឃុំ សង្កាត់ ពង្រឹងសមត្ថភាពបន្ថែមក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការផ្សាព្វផ្សាយអំពីអនុក្រឹត្យលេខ៩៦អនក្រ.បក ស្តីពីសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា និងអនុក្រឹត្យលេខ៧៦អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈដែលជាអំណោយរបស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





