សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា បញ្ជាក់សារជាថ្មីអំពីការគាំទ្រដ៏រឹងមាំចំពោះការឯកភាព និងភាពជាកណ្តាលរបស់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- អ្នកការទូតកំពូលៗរបស់សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា កាលពីពេលថ្មីៗនេះ បានបញ្ជាក់សារជាថ្មីនូវ «ការគាំទ្រដ៏រឹងមាំ» របស់ពួកគេចំពោះ «ឯកភាព និងភាពជាកណ្តាល» របស់អាស៊ាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។
វាបានកើតឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ និងសមភាគីរបស់លោកមកពីប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលជាក្រុមមួយដែលត្រូវបានគេស្គាល់ជាទូទៅថា Quad នៅទីក្រុងម៉ានីល រដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលជាប្រធានបច្ចុប្បន្ននៃប្លុកអាស៊ាន ដែលមានសមាជិកចំនួន ១១ប្រទេស។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិកបាននិយាយថាពួកគេបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៥៩ របស់អ្នកការទូតកំពូលៗអាស៊ាន។
ដោយបញ្ជាក់ឡើងវិញនូវអ្វីដែលពួកគេហៅថា «ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ» អ្នកការទូតកំពូលៗរបស់ Quad «បានពិភាក្សាគ្នាអំពីបញ្ហាប្រឈម និងឱកាសក្នុងតំបន់» ដើម្បីពង្រឹង «ការគាំទ្ររបស់ពួកគេចំពោះការអនុវត្តជាក់ស្តែងនៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក»តាមរយៈ «អាទិភាពរួមរបស់ពួកគេ គឺសន្តិសុខដែនសមុទ្រ និងឆ្លងដែនវិបុលភាពសេដ្ឋកិច្ច និងសន្តិសុខ បច្ចេកវិទ្យាសំខាន់ៗ និងបច្ចេកវិទ្យាថ្មីៗជំនួយមនុស្សធម៌ និងការឆ្លើយតបក្នុងគ្រាអាសន្ន»។
ប្រទេសទាំងបួន គឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃប្លុកអាស៊ីអាគ្នេយ៍។
ក្រុមប្រទេសទាំងបួន ដែលប្រមូលផ្តុំដោយសហរដ្ឋអាមេរិក ឥណ្ឌាអូស្ត្រាលី និងជប៉ុន បានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «យើងមានការវិនិយោគយ៉ាងជ្រាលជ្រៅចំពោះភាពជោគជ័យរបស់តំបន់ និងក្នុងកិច្ចសហការជាមួយអាស៊ាន និងរដ្ឋជាសមាជិករបស់ខ្លួន។ យើងមានសាមគ្គីភាពក្នុងជំនឿរបស់យើងថា សន្តិភាព និងស្ថិរភាពនៅក្នុងដែនសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពនៃតំបន់»៕





