ថ្នាក់ដឹកនាំក្រសួងអប់រំជំរុញឱ្យការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ មានស្តង់ដាក្នុងការរៀបចំ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ក្រោយទទួលបានការណែនាំពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកាខាងមុខនេះត្រូវបានធ្វើឡើងតាមលំនាំហ្គេម និងតាមនិយាមស្តង់ដាកីឡាក្នុងការរៀបចំ។

ការគូសបញ្ជាក់របស់ឯកឧត្តមបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេក ទេស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ នាខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ស្តង់ដាការរៀបចំនេះ គឺស្តង់ការរៀបចំតាមប្រភេទកីឡានីមួយៗ ដោយផ្អែកលើបទបញ្ជាការប្រកួត បទបញ្ជាបច្ចេកទេស។ ដូច្នេះបើជោគជ័យក្នុងការរៀបចំប្រភេទកីឡានីមួយៗបានល្អ នោះមានន័យថា ការប្រកួតនៃប្រភេទកីឡាទាំងនោះមានយុត្តិធម៌ សមធម៌ សីលធម៌ល្អ ហើយត្រូវតែគោរពលទ្ធផលនៃការប្រកួតទាំងអស់គ្នា។ ដូច្នេះទាំងអស់គ្នាត្រូវតែសច្ចាទាំងអស់គ្នាក្នុងការរៀបចំការប្រកួតកីឡានេះឱ្យទទួលបានការទុកចិត្តពីកីឡាករ កីឡាការិនី ការពេញចិត្តពីអ្នកទស្សនា និងអ្នកដឹកនាំ ដែលជាសុច្ចរិតភាពនៃវិជ្ជាជីវៈរបស់យើង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ភាពជោគជ័យនៃកីឡាមិនមែនត្រឹមតែផ្តោតសំខាន់តែលើបច្ចេកទេសមួយផ្នែកនោះទេ ដោយភាពជោគជ័យនោះទាល់តែមានធាតុផ្សំផ្សេងៗទៀតរួមបញ្ជូលគ្នា។

ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានជម្រាបជូនរបាយការណ៍ជូនកិច្ចប្រជុំថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នេះពិតជាមានសារៈសំខាន់ ក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្តរជាតិនានា និងដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។
លោក ហួត សេងទ្រី បានបន្ថែមថា ចំពោះកាលបរិច្ឆេទនៃការប្រកួតការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេត្តកំពង់ឆ្នាំង។ ពិធីបើកការប្រកួតកីឡាជាតិគ្រោងនឹងធ្វើឡើងជាផ្លូវការ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១៨:០០ នៅពហុកីឡដ្ឋានជាតិ ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី។ ចំពោះពិធីបិទការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ ធ្វើឡើងជាផ្លូវការ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨:០០ នៅពហុកីឡដ្ឋានជាតិ ដោយបានការអញ្ជើញជាអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិដ៏ធំរៀងរាល់២ឆ្នាំម្តង សម្រាប់ឆ្នាំ២០២៦រៀបចំលើ ៣២ប្រភេទកីឡា ខណៈកីឡាជាតិជនពិការរៀបចំលើ៧ប្រភេទកីឡា ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបប្រមាណ ៥២៥០នាក់ ក្នុងនោះកីឡាជាតិ មានចំនួនប្រមាណ ៥០០០នាក់ រីឯប្រភេទកីឡាប៉ារ៉ាឡាំពិក (ជនពិការ) ប្រមាណ ២៥០នាក់។ ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការនឹងប្រើប្រាស់មន្ត្រីគណៈកម្មការរួម បច្ចេកទេស សរុបចំនួន ប្រមាណ ១៨០០នាក់៕
ដោយ ហេង ណាលីន





