សម្តេច ម៉ែន សំអន ៖ ការដាំដើមឈើ និងការពារព្រៃឈើ គឺជួយខ្លួនឯងអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិនិងសម្រាប់កូនចៅជំនាន់ក្រោយ
AKP ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦--សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ ការដាំដើមឈើ និងការពារព្រៃឈើ គឺជួយខ្លួនឯងអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិនិងសម្រាប់កូនចៅជំនាន់ក្រោយ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបញ្ជាក់បែបនេះ ខណៈសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ២២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង៨ទូទាំងខេត្ត ស្វាយរៀ ង នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណដល់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់កូនឈើសម្រាប់ការដាំដុះក្នុងថ្ងៃនេះ និងអរគុណ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគ នៅកម្ពុជា ដែលបានជួយសម្របសម្រួលជាមួយ លោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងបានអរគុណចំពោះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់សហការ ជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីដាំកូនឈើនាថ្ងៃនេះ។ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង ក្លាយ ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនោះផងដែរ ការដាំដើមឈើបានក្លាយជាការបំផុសចលនាមួយ ដើម្បីបង្កើនគម្របបៃតងក្នុងខេត្តស្វាយរៀង និងបានចូលរួមចំណែក លើកស្ទួយ នូវវប្បធម៌ដ៏ប្រសើរ ដែលជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកប ដោយ ចីរភាព។


ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកឡើងថា សកម្មភាពដាំកូនឈើនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាទាំងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម និងការវិនិយោគជាមួយនឹងការការពារបរិស្ថាន។យើងមិនអាចជ្រើសរើសរវាង សេដ្ឋកិច្ច និងបរិស្ថាននោះទេ ប៉ុន្តែត្រូវធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនដោយមិនប៉ះពាល់បរិស្ថាន នឹងធ្វើឱ្យការវិនិយោគក្លាយជាការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ៕
ដោយ សួស សំរិត





