នាយិកាប្រតិបត្តិអង្គការសាលារៀនទន្សាយ៖ ការធ្វើអន្តរាគមន៍អប់រំពិសេស និងថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស៊ឹម គឺជាគំរូអប់រំប្រកបដោយប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាយិកាប្រតិបត្តិអង្គការសាលារៀនទន្សាយ លោកស្រី សរ សុធារម្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងបានគូសបញ្ជាក់ថា ការធ្វើអន្តរាគមន៍អប់រំពិសេស និងថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស៊ឹម គឺជាគំរូអប់រំប្រកបដោយប្រសិទ្ធភាពដែលផ្ដល់ឱកាសឱ្យកុមារទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍន៍សក្ដានុពលពេញលេញ។ លោកស្រីក៏បានលើកឡើងពីបញ្ហាប្រឈម និងបានស្នើសុំអនុសាសន៍លើការរៀបចំកម្មវិធីសិក្សាស្តង់ដាព្រមទាំងយន្តការកំណត់អត្តសញ្ញាណសិស្សឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះអង្គការសាលារៀនទន្សាយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំពិសេស និងអប់រំបរិយាបន្ននៅកម្ពុជា។ ឯកឧត្តមបានរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតវិទ្យាស្ថានជាតិអប់រំពិសេស ប្រែក្លាយសាលាអប់រំពិសេសកុមារពិការភ្នែក និងថ្លង់ឱ្យទៅជាសាលារដ្ឋ និងការអនុវត្តប្រកាសស្ដីពីការផ្ទេរការអនុវត្តកម្មវិធីអប់រំពិសេសថ្នាក់សមាហរណកម្មទៅកាន់សាលារៀនសាធារណៈ។ ពាក់ព័ន្ធនឹងកម្មវិធីសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា ការអប់រំពិសេសមិនគួរផ្ដោតលើស្តង់ដាតែមួយនោះទេ ដោយសារសិស្សម្នាក់ៗមានកម្រិតលូតលាស់ខុសៗគ្នា ដូច្នេះត្រូវមានក្របខ័ណ្ឌកម្មវិធីសិក្សាដែលមានភាពបត់បែន ព្រមទាំងមានការចូលរួមពីអ្នកឯកទេសស្ដារសម្បទាដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំអង្គការសាលារៀនទន្សាយបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិអប់រំពិសេស និងសាលារៀនដទៃទៀត ព្រមទាំងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងក្នុងការជួយគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារសិក្សា និងការអប់រំបណ្ដុះបណ្ដាលដល់មាតាបិតាសិស្ស ដើម្បីបង្កើតជាបរិស្ថានគាំទ្រទាំងក្នុងសាលារៀន និងក្នុងគ្រួសារ ក្រោមស្មារតីមិនទុកកុមារណាម្នាក់ឱ្យនៅក្រៅប្រព័ន្ធអប់រំឡើយ។

សូមជម្រាបថា អង្គការសាលារៀនទន្សាយ បាន និងកំពុងអនុវត្តន៍គម្រោងអប់រំពិសេសថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីស៊ឹមនៅតាមសាលាបឋមសិក្សាគោលដៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប សរុបចំនួន ១៦សាលា ដែលមាន ២៨បន្ទប់ ៥៣ថ្នាក់រៀន និងមានសិស្សសរុបចំនួន ៥៣៩នាក់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





