អភិបាលរងខេត្តបន្ទាយមានជ័យជំរុញគណៈកម្មការពិនិត្យសំណើបន្ធូរបន្ថយទោសទណ្ឌិតដោយតម្លាភាព យុត្តិធម៌ និងឈរលើគោលការណ៍ច្បាប់ ក្នុងឱកាសបុណ្យអុំទូក ២០២៦
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក ឃូ ពៅ បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាឱ្យសមាជិកគណៈកម្មការ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការពិនិត្យសំណើប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងការទទួលខុសត្រូវ ស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាថាការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ប្រព្រឹត្តទៅដោយសុក្រឹតភាព និងមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងវាយតម្លៃយ៉ាងហ្មត់ចត់លើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដែលមានលក្ខណៈសម្បត្តិស្របតាមច្បាប់ និងលក្ខខណ្ឌកំណត់ មុននឹងរៀបចំសំណុំឯកសារបញ្ជូនទៅកាន់គណៈកម្មការជាតិដើម្បីពិនិត្យ និងសម្រេចតាមនីតិវិធីបន្ត។

ជាលទ្ធផល ក្នុងអង្គប្រជុំ គណៈកម្មការបានធ្វើការពិនិត្យយ៉ាងលម្អិតលើសំណុំឯកសាររបស់ទណ្ឌិតម្នាក់ៗ ដោយផ្អែកលើកម្រិតជាក់ស្តែងនៃការកែប្រែអាកប្បកិរិយា ការគោរពវិន័យក្នុងពន្ធនាគារ លទ្ធផលនៃការអប់រំកែប្រែ និងលក្ខខណ្ឌផ្សេងៗដែលច្បាប់បានកំណត់។ ការណ៍នេះធ្វើឡើងក្នុងគោលដៅធានាថា ដំណើរការទាំងមូលប្រព្រឹត្តទៅស្របតាមការនៃនីតិរដ្ឋ តម្លាភាព និងយុត្តិធម៌ ដើម្បីផ្តល់ឱកាសឱ្យទណ្ឌិតដែលបានកែខ្លួនប្រែជាមនុស្សល្អ បានវិលត្រឡប់មកជួបជុំគ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិវិញ ក្នុងឱកាសបុណ្យជាតិដ៏មានអត្ថន័យនេះ៕

ដោយ ឈុន សារ៉ាត





