ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក ជាដេីម។ ជាមួយគ្នានោះដែរ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែ។ ផ្អែកលើមូលដ្ឋាននេះ, ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យទាំងនេះ នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, ការសាងសង់ផ្លូវដែក និងធនធានរ៉ែ ។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ និងត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បីធានាបាននូវភាពជោគជ័យនៅកម្ពុជា។
មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគជាក់ស្ដែងឱ្យលេចចេញជាផ្លែផ្កានៅពេលអនាគត៕

ដោយ៖ គង់ សិរីរ័ត្ន





