នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ជាថ្មីអំពីការជំរុញរបស់កូរ៉េខាងត្បូងដើម្បីចូលរួមជាមួយប្រទេសនាំចេញកំពូលទាំង៥ លើពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកស្រី ហាន់ សឹងស៊ុក បានសន្យាកាលពីថ្ងៃអង្គារថានឹងផ្តោតកិច្ចខិតខំប្រឹងប្រែងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជំរុញប្រទេសកូរ៉េខាងត្បូងឱ្យក្លាយជាប្រទេសនាំចេញកំពូលទាំងប្រាំរបស់ពិភពលោក។
លោកស្រី ហាន់ បានធ្វើការសន្យានេះក្នុងពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ខណៈដែលប្រទេសនេះកំពុងបង្ហាញតួលេខនាំចេញខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ដែលជំរុញដោយតម្រូវការខ្ពស់សម្រាប់បន្ទះឈីបអង្គចងចាំ។
លោកស្រីបាននិយាយថា «រដ្ឋាភិបាលនឹងផ្តោតសមត្ថភាពគោលនយោបាយលើគោលដៅនៃការក្លាយជាប្រទេសនាំចេញកំពូលទាំងប្រាំរបស់ពិភពលោក ហើយនឹងធ្វើការដើម្បីធ្វើពិពិធកម្មផលិតផល និងទីផ្សារ ដើម្បីបង្កើននិរន្តរភាពនៃកំណើនពាណិជ្ជកម្ម»។
លោកស្រី ហាន់ បានកត់សម្គាល់ថា ប្រទេសនេះកំពុងប្រណាំងប្រជែងឆ្ពោះទៅរកការកត់ត្រាការនាំចេញចំនួន ១ទ្រីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំនេះ ដោយសន្យាថានឹងពង្រឹងភាពជាដៃគូជាមួយប្រទេសសំខាន់ៗ ដើម្បីពង្រីកការនាំចេញឧបករណ៍អេឡិចត្រូនិក រថយន្តនិងនាវា។
ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងរហូតដល់ខែមិថុនាឆ្នាំនេះ បានឈានដល់កម្រិតខ្ពស់បំផុត ដោយកើនឡើង ៤៨,៤% ពីមួយឆ្នាំមុន ដែលឈានដល់តម្លៃ ៤៩៦,៧ពាន់លានដុល្លារអាម៉េរិក ដោយសារតែការនាំចេញដ៏រឹងមាំនៃបន្ទះឈីបអង្គចងចាំ ដែលជំរុញដោយតម្រូវការសកលលោកសម្រាប់ម៉ាស៊ីនមេបញ្ញាសិប្បនិម្មិត។
ការដឹកជញ្ជូនចេញទៅក្រៅប្រទេសរបស់ប្រទេសនេះនៅក្នុងខែមិថុនាបានកើនឡើង ៧០,៩% ធៀបនឹងឆ្នាំមុន ដែលមានតម្លៃ ១០២,២៥ពាន់លានដុល្លារអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





