កងទ័ពអាកាសកូរ៉េខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធរួមគ្នាពហុជាតិសាសន៍នៅប្រទេសអូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃអង្គារ បានឱ្យដឹងថា កងទ័ពអាកាសកូរ៉េខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធផ្លូវអាកាសរួមគ្នាពហុជាតិសាសន៍នៅប្រទេសអូស្ត្រាលី ដោយចាប់ផ្តើមនៅសប្តាហ៍នេះ ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ។
សមយុទ្ធ Pitch Black ពីរឆ្នាំម្តងដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃសុក្រដល់ថ្ងៃទី៧ ខែសីហា នឹងធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹកមួយក្នុងទីក្រុងដាវីន ប្រទេសអូស្ត្រាលី ដែលមានកងទ័ព និងយន្តហោះប្រហែល១១០គ្រឿងមកពី ១៦ប្រទេស រួមទាំងសហរដ្ឋអាមេរិក អេស្ប៉ាញ និងអាល្លឺម៉ង់។
យោងតាមកងទ័ពអាកាសបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងមានគម្រោងបញ្ជូនកងទ័ពប្រហែល ១០០នាក់ និងយន្តហោះចម្បាំង KF-16 ចំនួន៦គ្រឿង។ យើងក៏នឹងដាក់ពង្រាយយន្តហោះដឹកប្រេងពហុតួនាទី KC-330 Cygnus ចំនួន ៣គ្រឿង និងយន្តហោះដឹកជញ្ជូន C-130 ចំនួន ៣គ្រឿងដើម្បីជួយគាំទ្របេសកកម្មនេះ។
យន្តហោះចម្បាំង KF-16 មួយក្រុមត្រូវបានកំណត់ឱ្យហោះចេញពីមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុងសេអូសាន មានចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះ និងហោះហើរចម្ងាយប្រហែល ៥.៩០០គីឡូម៉ែត្រដោយមិនឈប់ដែលមានជំនួយពីការចាក់ប្រេងតាមអាកាស។
កងទ័ពអាកាសកូរ៉េខាងត្បូងនឹងធ្វើការបណ្តុះបណ្តាលស្តីពីការស៊ាំនឹងបរិស្ថានក្នុងស្រុកនៅសប្តាហ៍ក្រោយ ដើម្បីសម្របខ្លួនមុនពេលចូលរួមក្នុងសមយុទ្ធជាបន្តបន្ទាប់ រួមទាំងការរារាំងផ្លូវអាកាស បេសកកម្មប្រឆាំងដែនការពារអាកាស និងបេសកកម្មចាក់ប្រេងតាមអាកាស។
សមយុទ្ធ Pitch Black ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៨១ គឺជាសមយុទ្ធប្រយុទ្ធផ្លូវអាកាសអន្តរជាតិដឹកនាំដោយកងទ័ពអាកាសអូស្ត្រាលី ដែលមានសេណារីយ៉ូស្មុគស្មាញ និងស្រដៀងនឹងការប្រយុទ្ធ ត្រូវបានរចនាឡើងដើម្បីពង្រឹងអន្តរប្រតិបត្តិការក្នុងតំបន់ និងសកលជាមួយប្រទេសសម្ព័ន្ធមិត្តនិងដៃគូ។ សមយុទ្ធនេះនឹងសម្គាល់ការចូលរួមលើកទី៣ ដោយកងទ័ពអាកាសកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០២២៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





