ចិនចេញការព្រមានពណ៌លឿងសម្រាប់ព្យុះភ្លៀងនៅតំបន់ផ្សេងៗគ្នា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- អាជ្ញាធរឧតុនិយមចិន កាលពីល្ងាចថ្ងៃអង្គារបានចេញការព្រមានពណ៌លឿងសម្រាប់ព្យុះភ្លៀង ដោយព្រមានអំពីស្ថានភាពអាកាសធាតុមិនល្អនៅទូទាំងតំបន់ជាច្រើនក្នុងរយៈពេល ២៤ម៉ោងខាងមុខ។
យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនឹងវាយប្រហារផ្នែកខ្លះនៃខេត្តហឺណានភាគកណ្តាលប្រទេសចិន ខេត្តសានទុងនៅភាគខាងកើតប្រទេសចិន និងតំបន់ស្វយ័តក្វាងស៊ីឈួង និងខេត្តក្វាងទុង នៅភាគខាងត្បូងប្រទេសចិន។
ទឹកភ្លៀងនៅក្នុងតំបន់ទាំងនេះត្រូវបានគេរំពឹងថានឹងឡើងដល់១០០-២២០មីលីម៉ែត្រ។ ខេត្តផ្សេងទៀតដូចជាខេត្តជីលីន និងខេត្តហីឡុងជាំងស្ថិតនៅភាគឦសានប្រទេសចិន និងខេត្តស៊ីឈួននៅភាគនិរតី ក៏នឹងជួបប្រទះនឹងព្យុះផ្គររន្ទះក្នុងអំឡុងពេលនេះផងដែរ។
មជ្ឈមណ្ឌលបានណែនាំឱ្យបញ្ឈប់ប្រតិបត្តិការទៅខាងក្រៅផ្ទះនៅតំបន់បើកចំហ ជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យខ្ពស់ទៅកាន់ជម្រកដែលបានកំណត់ ត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹកនៅក្នុងទីក្រុង ដីស្រែចម្ការ និងស្រះចិញ្ចឹមត្រី និងអនុម័តវិធានការគ្រប់គ្រងទឹកជំនន់សំខាន់ៗ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានលេខកូដពណ៌ចំនួន ៤កម្រិត ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុតបន្ទាប់មកគឺពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





