អ្នកការទូតកំពូលចិនជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក យើមេក កូសើបាយេវ (Yermek Kosherbayev)នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) បាននិយាយថាប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយេវ (Kassym-Jomart Tokayev) ហៀបនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមសន្និសីទ AI ពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិតកំពូលស្តីពីការគ្រប់គ្រង AI សកល ខណៈដែលប្រមុខរដ្ឋទាំងពីរនឹងធ្វើទំនាក់ទំនងជាយុទ្ធសាស្ត្រស៊ីជម្រៅទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក វ៉ាង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសកាហ្សាក់ស្ថាន ដើម្បីអនុវត្តន៍តាមការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ បន្តមិត្តភាពជំនាន់ក្រោយបង្កើនសុខុមាលភាពប្រជាជន ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ និងស្វែងរកការអភិវឌ្ឍ និងការរស់ឡើងវិញរួមគ្នា។
ដោយកត់សម្គាល់ថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រទេសកាហ្សាក់ស្ថានក្នុងការចាប់ផ្តើមផ្លូវអភិវឌ្ឍន៍ដ៏ជោគជ័យដែលសមស្របនឹងលក្ខខណ្ឌជាតិ និងទទួលបានការគាំទ្រពីប្រជាជនរបស់ខ្លួនលោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយជាមួយប្រទេសកាហ្សាក់ស្ថាននិងបន្តពង្រឹងអត្ថន័យនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយអចិន្ត្រៃយ៍ចិន-កាហ្សាក់ស្ថាន។
លោក កូសើបាយេវ បានសម្តែងការអបអរសាទរទាក់ទងនឹងខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយលោកក៏បាននិយាយថាមិត្តភាពដ៏ជ្រាលជ្រៅ និងការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធរវាងប្រមុខរដ្ឋទាំងពីរ គឺជាការធានាដ៏អស្ចារ្យបំផុតសម្រាប់ការអភិវឌ្ឍកម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគី។
លោក កូសើបាយេវ បាននិយាយថា ប្រទេសកាហ្សាក់ស្ថានបន្តគោលនយោបាយការបរទេសឯករាជ្យ និងតែងតែផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយលោកបានបន្ថែមថា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសកាហ្សាក់ស្ថាន និងចិន នឹងមិនរងផលប៉ះពាល់ដោយភាគីទីបីណាមួយឡើយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





