ទីប្រឹក្សានយោបាយកំពូលរបស់ចិនជួបគណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- លោក វ៉ាង ហ៊ូនីង (Wang Huning) ទីប្រឹក្សានយោបាយជាន់ខ្ពស់ចិនបានជួបជាមួយគណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាម (CPV) ដឹកនាំដោយលោក ឡេ មិញទ្រី (Le Minh Tri) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក វ៉ាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន(CPPCC) បាននិយាយថា អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន លោក ស៊ី ជីនពីង (Xi Jinping) បានរក្សាការទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន លោក តូ ឡឹម (To Lam)។
លោក វ៉ាង បានកត់សម្គាល់ថា ថ្នាក់ដឹកនាំកំពូលនៃភាគីទាំងពីរបានឈានដល់ការយោគយល់គ្នាសំខាន់ៗថ្មីៗនៅក្នុងខែមេសានេះ ដោយផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ និងការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមពិភពលោក។
លោក ឡេ មិញទ្រី បានអបអរសាទរគណបក្សកុម្មុយនិស្តចិន ក្នុងឱកាសខួបលើកទី១០៥ របស់ខ្លួន ដោយលោកបានមានប្រសាសន៍ថា ភាគីវៀតណាមកោតសរសើរចំពោះគំនិតផ្តួចផ្តើមសកលជាបន្តបន្ទាប់ដែលបានដាក់ចេញដោយលោកអគ្គលេខាធិការ លោក ស៊ី ជីនពីង និងភាពជាអ្នកដឹកនាំរបស់លោកក្នុងការដឹកនាំប្រទេសចិនឱ្យរីកចម្រើនជាបន្តបន្ទាប់។
លោកបានបន្ថែមថា ប្រទេសវៀតណាមមានឆន្ទៈក្នុងការរួមគ្នាអនុវត្តការឯកភាពគ្នា ដែលសម្រេចបានដោយថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយផ្អែកលើទ្រឹស្តីសង្គមនិយម និងខិតខំកសាងសហគមន៍វៀតណាម-ចិន ដែលមានអនាគតរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





