វេទិកាសម្ព័ន្ធសង្គមស៊ីវិលរៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» នៅខេត្តស្ទឹងត្រែង
AKP ស្ទឹងត្រែង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និង លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។ 
ថ្លែងក្នុងអង្គវេទិកាសន្ទនាដែលមានអ្នកចូលរួមមកពីអង្គការសង្គមស៊ីវិលក្នុងខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ឯកឧត្តម ប៉ៃ សំបូរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ក៏ដូចជា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា និងបានលើកទឹកចិត្តឱ្យមានការចូលរួមចំណែកកាន់តែសកម្មថែមទៀតពីអង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ ព័ត៌មានក្លែងក្លាយនិងអំពើឆបោកតាមអនឡាញនៅក្នុងសហគមន៍ សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអង្គការសង្គម ស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិល និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន នាពេលកន្លងមក។

ក្នុងឱកាសនោះ លោក យឹម ផែន បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តពង្រឹងសមត្ថភាពក្នុងយុគសម័យឌីជីថល តាមរយៈការបន្ស៊ាំខ្លួន និងរៀនសូត្រជាប្រចាំនូវបច្ចេកវិទ្យាថ្មីៗ ការពង្រឹងសមត្ថភាពឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ន ដើម្បីចៀសវាងហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងការប្រើប្រាស់វេទិកាឌីជីថល ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ជំរុញតម្លាភាព និងសម្រួលដល់ការប្រាស្រ័យ ទាក់ទងជាមួយសហគមន៍និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន។ លោកក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិល បន្តចូលរួម សហការជាមួយ អាជ្ញាធរ មូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់ការ ឆបោកតាមប្រព័ន្ធ បច្ចេក វិទ្យា ក្នុងមូលដ្ឋាន តាមរយៈសកម្មភាពឃ្លាំមើលនិងរាយការណ៍អំពីទីតាំងដែលសង្ស័យ។
តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តស្ទឹងត្រែងបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ មកជជែកពិភាក្សាដោយត្រង់ទៅត្រង់មកយ៉ាងផុសផុលក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ។ ជាលទ្ធផល បញ្ហាប្រឈមនិង សំណូមពរ មួយចំនួន ត្រូវបាន ដោះស្រាយជាក់ស្តែងក្នុងកិច្ច ពិភាក្សាដោយផ្ទាល់ ហើយបញ្ហាដែលសេសសល់មួយចំនួនទៀតនឹងត្រូវយកទៅពិភាក្សា ជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។

វ.ស.ស. បានសម្របសម្រួលរៀបចំឱ្យមានបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម ឌីជីថល និងសុវត្ថិភាព តាម ប្រព័ន្ធ បច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយលោក ទ្រី វិទូ ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្ម អេឡិចត្រូនិក នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម ឌីជីថលនិងការយល់ដឹងអំពី គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕
ដោយ AKP





