អ្នកស្ម័គ្រចិត្តភូមិក្នុងមណ្ឌលជនភៀសសឹកនៅភូមិរង់ចាំទទួលបានវគ្គបណ្ដុះបណ្ដាលស្តីពី "អនាម័យទឹកស្អាត និង បរិស្ថាន" ពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--លោក ហ៊ឹល រ៉ាយ៉ា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « អនាម័យស្អាត និងបរិស្ថាន គោលការណ៍គ្រឹះ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្រ្គបឋម និងការអនុវត្តផែនការសកម្មភាព» នៅក្នុងជូនដល់អ្នកស្ម័គ្រចិត្តក្នុងមណ្ឌលភៀសសឹកភូមិរងចាំ ស្ថិតនៅភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានរយៈពេល៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការជួយគាំទ្រថវិកាពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម អាយ ស៊ី អរ ស៊ី (ICRC)។

ការបើកវគ្គនេះមានគោលបំណងរួមចំណែក និងលើកកម្ពស់អនាម័យទឹកស្អាត និងបរិស្ថានស្អាត ដែលជាផ្នែកសំខាន់មួយសម្រាប់ការជួយទ្រទ្រង់បញ្ហាសុខភាពសហគមន៍របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមណ្ឌលភៀសសឹកភូមិរង់ចាំទទួលបាននូវសុខភាពល្អ គ្មានជំងឺដង្កាត់ផ្សេងៗ។
លោក ហ៊ឹល រ៉ាយ៉ា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីក្លាយជាអ្នកដែលមានសមត្ថភាព អាចយកចំណេះដឹងទៅផ្សព្វផ្សាយអប់រំបន្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរង់ចាំ ដូច្នេះហើយលោកក៏បានសង្ឃឹមថាសិក្ខាកាមមានវត្តមាននៅក្នុងវគ្គនេះ សូមខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងចូលរួមគ្រប់សកម្មភាពជាមួយគ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹង និងយកនូវចំណេះដឹងល្អៗសម្រាប់យកទៅផ្សព្វផ្សាយបន្តដល់សហគមន៍របស់ខ្លួនគ្រប់គ្រងនីមួយៗ។

បន្ទាប់ពីបានសំណេះសំណាលជាមួយក្រុមគ្រូបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទាំងអស់ក្នុងភូមិរងចាំនៃអង្គពិធីរួច លោកក៏បានថ្លែងអំណរគុណ និងគោរពជូនពរដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនរហូតមក និងបានខិតខំទំនាក់ទំនងស្វែងរកដៃគូសហការគាំទ្រជានិច្ចសម្រាប់មណ្ឌលភៀសសឹកខេត្តបន្ទាយមានជ័យ និងបានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម អាយ ស៊ី អរ ស៊ី ICRC ប្រចាំការនៅប្រទេសកម្ពុជា ជាមួយមន្ត្រីបច្ចេកទេសទីស្នាក់ការកាកបាទក្រហមកម្ពុជា អ្នកសម្របសម្រួលក្រុមប្រតិបត្តិការពិសេសក្រុមការងារខេត្តដែលប្រចាំការនៅមណ្ឌលខេត្តបន្ទាយមានជ័យដែលបានជួយសហការរៀបចំផ្តល់ទីកន្លែងរៀបចំដំណើរការកម្មវិធីបើកវគ្គនេះបាន សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមបើកដំណើរវគ្គបណ្ដុះបណ្ដាលទទួលបានលទ្ធផលល្អទាំងអស់គ្នាផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





