សិក្ខាសាលាពិគ្រោះយោបល់ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ដែលជាអ្នករួមចំណែកក្នុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០ បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០ ដើម្បីរៀបចំ បញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រនេះ មុនដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ និងអនុម័ត។

លោកជំទាវ អុង សុភាវី រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលពីក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ បណ្តាអគ្គនាយកដ្ឋានចំណុះ និងអ្នកពាក់ព័ន្ធ សម្រាប់ធ្វើការកែសម្រួល និងរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តបញ្ជាបយេនឌ័រឆ្នាំ២០២៦-២០៣០ របស់ក្រសួងមហាផ្ទៃត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានគតិយុត្តរឹងមាំ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងព្រមទាំងគោលការណ៏លិខិតបទដ្ឋានជាតិ និងអន្តរជាតិ ស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ដំណាក់កាលទី៣នេះនឹងរំលេចឡើងអំពីវឌ្ឍនភាពការងារបញ្ជ្រាបយេនឌ័រ បញ្ហាប្រឈមតម្រូវការ សកម្មភាពអាទិភាពរបស់អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមអនុវត្តការសម្របសម្រួលកិច្ចសហការប្រកបដោយបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេសពង្រឹងការយកចិត្តទុកដាក់ដល់ការរួមចំណែករបស់ស្ត្រីក្នុងវិស័យសាធារណៈ នយោបាយ និងភាពជាអ្នកដឹកនាំ ក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ច កិច្ចគាំព៌ាសង្គម និងអភិបាលកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលលាភយេនឌ័រ ឆ្លើយតបទៅនឹងតម្រូវការចំរុះរបស់បុរសស្ត្រី ជនមានពិការភាព ជនជាតិដើម្បីភាគតិច និងក្រុមជនងាយរងគ្រោះដទៃទៀតប្រកបដោយតម្លាភាព សមភាព សមធម៌ និងបរិយាបន្ន រួមទាំងពង្រឹងភាពជាដៃគូរវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបន្ថយគម្លាតយេនឌ័រ ។ លើសពីនេះដើម្បីឱ្យក្រុមការងារអាចប្រមូលធាតុចូលបានគ្រប់ជ្រុងជ្រោយសម្រាប់ពិនិត្យ និងកែសម្រួលចុងក្រោយនៃសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបញ្ជ្រាបសមភាពយេនឌ័រក្រសួងមហាផ្ទៃ ឆ្នាំ២០២៦-២០៣០នេះ និងអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ ចាន់ សុភឿន, (ប្រភព៖ ក្រសួងមហាផ្ទៃ)





