វគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនថ្នាក់ដឹកនាំក្រុង ស្រុកទាំង១៣ ក្នុងខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារទូទាំងក្រុងស្រុកទាំង១៣ នៅសាលាខេត្តកណ្តាល។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ របៀបរបបបំពេញការងាររដ្ឋបាល និងការគ្រប់គ្រងមូលនិធិបេឡាមរណសង្គ្រោះ ឱ្យកាន់តែមានតម្លាភាព ទាន់ពេលវេលា និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលជាសមាជិក។

លោក អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាស្ថាប័នបង្គោលមួយដែលដើរតួយ៉ាងសំខាន់ក្នុងការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការកែទម្រង់រដ្ឋបាលស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ មន្ត្រីរដ្ឋបាល និងមន្ត្រីបេឡាមរណសង្គ្រោះ គឺជាសេនាធិការដ៏សំខាន់ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ដូច្នេះត្រូវតែបំពេញភារកិច្ចដោយក្តីអាណិតស្រឡាញ់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់បំផុត និងសម្របសម្រួល និងសម្រួលនីតិវិធីរដ្ឋបាល ក្នុងការបើកប្រាក់ឧបត្ថម្ភមរណសង្គ្រោះ ដោយមិនត្រូវទុកឱ្យមានការយឺតយ៉ាវ ដែលបង្កជាការលំបាកដល់ក្រុមគ្រួសារសពនោះឡើយ។ ត្រូវបង្កើនកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ រវាងការិយាល័យ និងមន្ទីរពាក់ព័ន្ធ។ ក្នុងករណីមានបញ្ហាប្រឈម ឬភាពមិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំជាបន្ទាន់ដើម្បីដោះស្រាយទាន់ពេលវេលា។ អតីតយុទ្ធជន និងនិវត្តជន គឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។ ដូច្នេះការបម្រើសេវារដ្ឋបាលផ្សេងៗ ត្រូវតែធ្វើឡើងដោយបេះដូង ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

លោកស្រី ហ៊ុន កុសនី អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ អ.ន.ក. ខេត្តកណ្តាល បានថ្លែងថា មុខសញ្ញានិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលខេត្តកណ្តាល សរុបចំនួន ៤ ៧៧៨នាក់ ក្នុងនោះ-និវត្តជន ចំនួន ៤ ៦៣៨ នាក់ ។ រយៈពេល ០៦ខែ ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល បានចុះ ប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ៤៧នាក់ ប្រើប្រាស់ថវិកា សរុបចំនួន ១៨៨ ០០០ ០០០រៀល ក្នុងនោះ-ថវិកាបំពេញបន្ថែមរបស់សម្តេចតេជោចំនួន ១៣៦ ០០០ ០០០រៀល ស្មើនឹង ៣៤នាក់។ ថវិកាបេឡាមរណសង្គ្រោះចំនួន ៥២ ០០០ ០០០រៀល ១៣នាក់។ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអតីតអតីតជនចំនួន ៥០គ្រួសារ ដែលបានទទួលដីឡូតិ៍ និងផ្ទះ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល បានជួយឧបត្ថម្ភថវិកាចំនួន ៧៥ ០០០ ០០០រៀល ដើម្បីជួលគ្រឿងចក្រឈូសឆាយពង្រាបដី ធ្វើផ្លូវ និងធ្វើបង្គោលព្រំដី និងបានជួយឧបត្ថម្ភថវិកាក្នុងមួយគ្រួសារ ចំនួន ១ ០០០ ០០០រៀល សរុបចំនួន ៥០ ០០០ ០០០រៀល សម្ភារៈប្រើប្រាស់ និង គ្រឿងឧបភោគ បរិភោគជាច្រើនទៀត ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





