បទវិចារណកថា៖ អតីតអ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ ជឿជាក់លើរាជរដ្ឋាភិបាល និងរង់ចាំដោយក្តីសង្ឃឹម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ -- ខណៈដែលប្រជាជនកម្ពុជាទូទាំងប្រទេសនៅតែមានការឈឺចាប់ចំពោះផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាអ្នកទទួលរងនូវការឈឺចាប់ធ្ងន់ធ្ងរជាងគេ។

ការឈឺចាប់របស់ពួកគាត់ មិនត្រឹមតែកើតចេញពីការរំលោភបំពានលើអធិបតេយ្យភាពជាតិ និងការប្រមាថប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់សិទ្ធិជាម្ចាស់លើភូមិឋាន ផ្ទះសម្បែង និងដីធ្លី ដែលជាទីកន្លែងធ្លាប់រស់នៅដោយសុខសាន្តអស់រយៈពេលជាច្រើនឆ្នាំ។
សាធារណជននៅតែចងចាំបាននូវស្មារតីតស៊ូ ភាពអត់ធ្មត់ និងការក្រាញននាលរបស់ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីក្រុងសិរីសោភ័ណ។ ទោះបីភូមិទាំងពីរនេះមិនស្ថិតនៅក្នុងតំបន់ប្រយុទ្ធដោយផ្ទាល់ក៏ដោយ ក៏ត្រូវបានកងកម្លាំងថៃចូលបំផ្លិចបំផ្លាញផ្ទះសម្បែង រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបិទផ្លូវចេញចូលភូមិដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។
ទោះបីជាផ្នែកខ្លះនៃភូមិទាំងពីរត្រូវបានកាន់កាប់ដោយខុសច្បាប់ និងប្រជាពលរដ្ឋមិនអាចវិលត្រឡប់ទៅរស់នៅវិញបានក៏ដោយ ក៏ពួកគាត់នៅតែមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ដើម្បីទាមទារយកភូមិឋានរបស់ពួកគាត់ត្រឡប់មកវិញ។
គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋភៀសសឹកប្រមាណ ២១ ០០០នាក់ ដែលភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ។ ពួកគាត់កំពុងរស់នៅតាមជម្រកបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំជូន ជាពិសេសនៅតំបន់ភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
«ភូមិរង់ចាំ» គឺជាឈ្មោះដែលមានអត្ថន័យជ្រាលជ្រៅ បង្កប់ទាំងក្តីសង្ឃឹម និងការឈឺចាប់ជាប្រវត្តិសាស្ត្រ។ ឈ្មោះនេះត្រូវបានប្រសិទ្ធនាមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានក្លាយជាឈ្មោះផ្លូវការរបស់ភូមិចំនួន៦ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយកាត់ចេញពីភូមិស្លក្រាម។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងសាងសង់ភូមិនេះហើយ ប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ! ដីយើងត្រូវតែទាមទារត្រឡប់មកវិញជាដាច់ខាត»។
សារនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ខណៈដែលនៅតែរក្សាគោលជំហរយ៉ាងមុតមាំលើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ភូមិរង់ចាំ មិនមែនគ្រាន់តែជាទីតាំងសម្រាប់ស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជានិមិត្តរូបនៃការតស៊ូ ការអត់ធ្មត់ និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងដីកំណើតរបស់ខ្លួនដោយសារសង្គ្រាម។
ពិតមែនហើយថា ផ្ទះដែលបានសាងសង់នៅទីនោះមិនត្រូវផ្តល់បណ្ណកម្មសិទ្ធិនោះទេ ព្រោះជាលំនៅឋានបណ្តោះអាសន្ន។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋយល់ថា នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ខណៈដែលកំពុងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ដើម្បីទាមទារទឹកដីដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ឱ្យវិលត្រឡប់មកវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា៖ «បើទោះបីជាលទ្ធភាពនៃការដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី នៅសល់ត្រឹមតែ១ភាគរយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែប្រឹងប្រែងធ្វើឱ្យអស់លទ្ធភាព ព្រោះការចរចាគឺជាជម្រើសដ៏ល្អបំផុត ដើម្បីចៀសវាងការបាត់បង់អាយុជីវិតប្រជាជន និងការបំផ្លិចបំផ្លាញ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ម្តងហើយម្តងទៀត ផងដែរថា៖ “អាទិភាពរបស់រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ ប្រជាជន ទឹកដី និងឯករាជ្យភាពជាតិ! ហើយកម្ពុជានឹងមិនទទួលស្គាល់ជាដាច់ខាតចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយការប្រើប្រាស់កម្លាំងឡើយ”។
ប្រសាសន៍ដ៏ច្បាស់ៗ និងមុតមាំប្រកបដោយការតាំងចិត្តខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលនៃយើង គឺជាការផ្តល់ក្តីសង្ឃឹម សម្រាប់ជនរួមជាតិខ្មែរទាំងអស់គ្នា និងជាពិសេសសម្រាប់អ្នកភូមិរង់ចាំទាំង៦ភូមិ ផងដែរ។
បច្ចុប្បន្ន ជីវភាពនៅក្នុងភូមិរង់ចាំបានចាប់ផ្តើមមានសភាពប្រក្រតីឡើងវិញ។ ប្រជាពលរដ្ឋមួយចំនួនបានបើកអាជីវកម្មខ្នាតតូច ដាំបន្លែ ចិញ្ចឹមសត្វ និងប្រកបមុខរបរផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល បន្ថែមលើការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។
ទឹកមុខញញឹម និងការបន្តរស់នៅដោយភាពអត់ធ្មត់របស់ប្រជាពលរដ្ឋនៅភូមិរង់ចាំ គឺជាសញ្ញាបង្ហាញពីជំនឿ និងក្តីសង្ឃឹមរបស់ពួកគាត់ចំពោះការដោះស្រាយបញ្ហាដោយសន្តិវិធី ទោះបីត្រូវចំណាយពេលយូរក៏ដោយ ដរាបណាអាចចៀសសវាងការផ្ទុះសង្គ្រាម និងការបាត់បង់អាយុជីវិតបន្ថែមទៀត។
ជារួម សង្គ្រាមឈ្លានពានបានបន្សល់ទុកនូវរបួសផ្លូវកាយ និងផ្លូវចិត្តយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅតាមបណ្តោយព្រំដែន។
ភូមិរង់ចាំ បានក្លាយជានិមិត្តរូបនៃទុក្ខវេទនា ការលះបង់ និងក្តីសង្ឃឹម។ វាជាសក្ខីភាពរស់នៃការបាត់បង់ផ្ទះសម្បែង ដីស្រែចម្ការ និងជីវភាពរស់នៅ ប៉ុន្តែក៏ជាការរំលឹកថា ប្រជាពលរដ្ឋទាំងនោះនៅតែរក្សាជំនឿថា ថ្ងៃណាមួយពួកគាត់នឹងបានវិលត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញដោយសុវត្ថិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ដូចពាក្យសុភាសិតដែលគេតែងពោលថា៖ «នៅមានជីវិត នៅមានសង្ឃឹម»៕
ដោយ AKP





