នាវាកងទ័ពជើងទឹកប្រទេសកាណាដាចំនួន ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព
AKP ព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦--នាព្រឹកថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងកងទ័ពជើងទឹក ប្រទេសកាណាដា ចំនួន ១គ្រឿង មានឈ្មោះ HMCS Regina (FFH-334) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករនៃប្រទេសទាំងពីរ (កម្ពុជា-កាណាដា) ក្នុងដំណើរធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងការចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។
លក្ខណៈបច្ចេកទេស នាវា៖ HMCS OTTAWA (FFH 334) មានប្រវែង១៣៤,៧ម៉ែត្រ,
ទទឹង ១៦,៥ម៉ែត្រ, ជម្រៅទឹក ៧,៥ម៉ែត្រ និងទម្ងន់ផ្ទុក (Deadweight)៖ ៥ ១០០តោន។ ដឹកនាំដោយ លោកមេបញ្ជាការវរនាវីទោ Darren Sleen។

ក្នុងការចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសកាណាដា មានគម្រោងចូលជួបសម្តែងការគួសមជាមួយ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ លោកមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត។ ទន្ទឹមនោះ ក៏មានកម្មវិធីលេងកីឡាមិត្តភាព រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ព្រមទាំងមានកម្មវិធីចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ (កម្ពុជា -កាណាដា)។

សូមរម្លឹកថា កាលពីដើមខែកញ្ញានេះ ក៏មាននាវាកងទ័ពជើងទឹកបរទេសចំនួនពីរប្រទេស ស្មើនឹង ២គ្រឿង បានចូលចតរួចមកហើយនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានដូចជា នាវាចម្បាំងរុស្ស៊ីចំនួនមួយគ្រឿងចូលចតចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាវាកងទ័ពជើងទឹកឥណ្ឌាចូលចតចាប់ពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម៕

ដោយ ងូ សុមុនី





