ទូតកម្ពុជានៅកូរ៉េសង្ឃឹមប្រធានសមា គមវេទិកាកូរ៉េ-អាស៊ាន ជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៦--ទូតកម្ពុជាប្រចាំនៅកូរ៉េសង្ឃឹមប្រធានស មាគមវេទិកាកូរ៉េ-អាស៊ាន ជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិ ជ្ជកម្ម ដោយជួយកៀរគរពាណិជ្ជករ និងអាជីវករកូរ៉េ ឱ្យទៅវិនិយោគ និងធ្វើអា ជីវកម្មកាន់តែច្រើននៅប្រទេសកម្ពុជា។

នៅរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Dr. PARK Sang Won ប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន (Korea-ASEAN Forum Association-KAFA) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

Dr. PARK បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីបេសកកម្មរបស់សមាគមក្នុងការកសាងបណ្តាញទំនាក់ទំនងរវាងធុរជន និងអ្នកជំនាញរបស់ប្រទេសកូរ៉េ និងបណ្តាប្រទេសអាស៊ាន តាមរយៈកិច្ចសហការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម។

Dr. PARK បានបន្តថា លោកមានមនោសញ្ចេតនាល្អជាមួយប្រទេសកម្ពុជា និងបានអនុវត្តគម្រោងជាច្រើននៅប្រទេសកម្ពុជារួមមាន ការរៀបចំសិក្ខាសាលាធុរកិច្ច ការបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រ គម្រោងអភិវឌ្ឍវិស័យអប់រំ ជាដើម និងលើសពីនេះ ខាងសមាគមក៏កំពុងសិក្សាពីគម្រោងសាងសង់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណ រគុណចំពោះ Dr. PARK ដែលបានផ្តល់កិច្ចសហការល្អជាមួយភាគីកម្ពុជាក្នុងការសម្រេចនូវសមិទ្ធផលនានាក្នុងប្រទេសកម្ពុជា។

ឯកឧត្តមសង្ឃឹមថា លោកនឹងបន្តជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយជួយកៀរគរពាណិជ្ជករ និងអាជីវករកូរ៉េ ឱ្យទៅវិនិយោគ និងធ្វើអាជីវកម្មកាន់តែច្រើននៅប្រទេសកម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ





