ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ -- បន្ទាប់ពីបានគង់ប្រថាប់ ពិនិត្យ និងព្យាបាល ព្រះរាជសុខភាពមួយរយៈនៅឯទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិននោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង សមាជិកសមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត។

ដោយឡែក ឯកឧត្ដម ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងបានឱ្យដឹងថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងបីខែកន្លងមកនេះ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ។

យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទាន ក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

គួររម្លឹកដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យ ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីគង់ប្រថាប់ពិនិត្យ ព្រះរាជសុខភាពមួយរយៈនៅទីនោះ៕

ដោយ៖ ជឹម ណារី





