ឯកឧត្តម ឆាយ វណ្ណា ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាល និងស្មៀនឃុំសេដា ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន ពិគ្រោះយោបល់ ស្វែងយល់ពីការអភិវឌ្ឍ ព្រមទាំងតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។

នាជំនួបនេះកាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ វណ្ណា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍ ស្មៀន និងមេភូមិប្រកបដោយក្តីនឹករលឹក ព្រមទាំងបានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃុំ។ ឯកឧត្ដមបានជំរុញអាជ្ញាធរមូលដ្ឋានឱ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពបន្ថែមទៀត ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





