អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលរៀបចំផែនការសកម្មភាពអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០
AKP កំពង់ធំ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦--លោក លី វេត អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលរៀបចំផែនការសកម្មភាពអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង៩ តំណាងស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធនៅសាលប្រជុំនៅមន្ទីរផែនការខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារគោលនយោបាយនៃក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ពិភាក្សាកំណត់សកម្មភាពអាទិភាពនិងសូចនាករវាស់វែងស្របតាមស្ថានភាពប្រជាសាស្ត្រនិងសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងផែនការសកម្មភាពអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ខេត្តកំពង់ធំ។

លោក នួន ស៊ីលួត ប្រធានមន្ទីរផែនការខេត្តកំពង់ធំ បានលើកឡើងថា ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ លោកបានអំពាវនាវដល់មន្ទីរ អង្គភាពពាក់ព័ន្ធនិងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឱ្យបានផុលផុស ដើម្បីធានាថាការរៀបចំផែនការសកម្មភាពអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ មានប្រសិទ្ធភាពនិងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ខេត្តកំពង់ធំ។

លោក លី វេត បានមានប្រសាសន៍ថា ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ គឺជាឯកសារគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ឆ្ពោះទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សម្រាប់ខេត្តកំពង់ធំ ការរៀបចំផែនការសកម្មភាពអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ មិនមែនគ្រាន់តែជាការបំពេញតាមតម្រូវការរដ្ឋបាលខេត្តប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកអនុវត្តន៍គោលនយោបាយជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក លី វេត អភិបាលរងខេត្តកំពង់ធំបានបន្តថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះបានកំណត់គោលដៅសំខាន់ៗ រួមមានការធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន និងសេវាផែនការគ្រួសារប្រកបដោយគុណភាព ការកាត់បន្ថយ និងបញ្ចប់មរណភាពមាតា ការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ និងផ្លូវភេទ ព្រមទាំងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ ស៊ុម វណ្ណា





