គណៈប្រតិភូមន្ត្រីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចូលរួមស្ដាប់បទបង្ហាញ និងចែករំលែកទស្សនាទានពាក់ព័ន្ធនឹងការធ្វើទំនើបកម្មរបស់ប្រ ទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦--ក្នុងឱកាសនៃការចូលរួម «សិក្ខាសាលាស្តីពីការកសាងសមត្ថភាពអភិបាលកិច្ចសម្រាប់បណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ គណៈប្រតិភូមន្ត្រីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាកម្ពុជា ចំនួន ៧ រូប រួមជាមួយសិក្ខាកាមអន្តរជាតិមកពី ៥ ប្រទេសផ្សេងទៀត រួមមាន៖ តួកគី អាស៊ែបៃហ្សង់ ស្រីលង្កា កេនយ៉ា និងសៀរ៉ាឡេអូន បានអញ្ជើញចូលរួមស្តាប់បទបង្ហាញ និងចែករំលែកទស្សនាទានយ៉ាងស៊ីជម្រៅ ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រកបដោយចីរភាពរបស់សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងកិច្ចពិភាក្សានោះ អង្គសិក្ខាសា លាបានលើកយកករណីសិក្សាជាក់ស្តែងពីទីក្រុងហ្វូជូ (Fuzhou) ខេត្តហ្វូជៀន (Fujian) ដែលជាទឹកដីប្រវត្តិ សាស្ត្រមួយ ដែល ឯកឧត្តមប្រធានាធិប តីចិន ស៊ី ជិនភីង ធ្លាប់បានដឹកនាំ និងធ្វើជាអភិបាលក្រុងផ្ទាល់អស់រយៈពេល ១៧ ឆ្នាំកន្លះ មកធ្វើជាគំរូនៃការអភិវឌ្ឍ។
សមិទ្ធផលនិងទស្សនាទានគន្លឹះនៃការធ្វើទំនើបកម្មរបស់ចិន ដែលត្រូវបានលើកយកមកបង្ហាញ រួមមាន៖
- ការដាក់ចេញគោលនយោបាយច្បាស់លាស់មានការបត់បែនសម្រាប់ការអភិវឌ្ឍជាតិ ដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជនសម្រាប់ជីវិតដ៏ប្រសើរ។
- ការតភ្ជាប់ផ្ទៃក្នុង និងការភ្ជាប់ចិនទៅកាន់តំបន់និងអន្តរជាតិ តាមរយៈការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ រថភ្លើងល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិ និងការអភិវឌ្ឍកំពង់ផែ។
- ការស្តារឡើងវិញនូវឧស្សាហកម្ម (ការធ្វើបច្ចុប្បន្នភាពការផលិត)៖ ការប្រែក្លាយពីរោងចក្រប្រពៃណី ទៅជារោងចក្រឆ្លាតវៃ (Smart Manufacturing) ដើម្បីពង្រឹងផលិតភាពដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចពិតប្រាកដ។
- ការធ្វើសមាហរណកម្មបច្ចេកវិទ្យា 5G, បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ (Big Data) ទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការរស់នៅ។
- ការបែងចែកផលផ្លែនៃទំនើបកម្មទៅដល់គ្រប់ប្រជាជន តាមរយៈការលើកកម្ពស់គុណភាពសេវាសាធារណៈ អាហារ សម្លៀកបំពាក់ ផ្ទះសម្បែង និងការធ្វើដំណើរជាដើម។

សូមបញ្ជាក់ដែរថា ការចូលរួមស្តាប់បទបង្ហាញនិងចែករំលែកទស្សនាទានពាក់ព័ន្ធនឹងការធ្វើទំនើបកម្មរបស់ប្រទេសចិន ពីសំណាក់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងគណៈប្រតិភូបរទេសផ្សេងទៀតនៅពេលនេះ បានរួមចំណែកផ្តល់ជាធាតុចូលដ៏មានតម្លៃក្នុងការគាំទ្រដល់ការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការបង្កើតរោងចក្រឆ្លាតវៃ និងការជំរុញឌីជីថលភាវូបនីយកម្ម។

ទន្ទឹមនឹងនេះ បទពិសោធន៍ផ្នែកបច្ចេកវិ ទ្យាទំនើប និងអភិបាលកិច្ចឌីជីថល នឹងជួយឱ្យមន្ត្រីជំនាញអាចយកមកស្រាវជ្រាវ និងធ្វើរបាយការណ៍ជាយុទ្ធសាស្ត្រ សម្រាប់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា រៀបចំធ្វើទំនើបកម្មស្ថាប័នរដ្ឋសភាកម្ពុជា ឆ្ពោះទៅរក «រដ្ឋសភាឌីជីថល» ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានកាន់តែរហ័ស។
លើសពីនេះ យុទ្ធសាស្ត្រពង្រីកខ្លួនរបស់សហគ្រាសខេត្តហ្វូជៀន លើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្ម បានផ្តល់ជាទស្សនាទានពាក់ព័ន្ធនឹងកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការរៀបចំគោលនយោបាយទាក់ទាញក្រុមហ៊ុនលំដាប់សកលឱ្យមកបណ្តាក់ទុន បង្កើតការងារ និងផ្ទេរបច្ចេកវិទ្យាដល់ពលរដ្ឋមូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលដៅចម្បងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេវាសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជន។

ជារួមការចូលរួមរបស់គណៈប្រតិភូមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានៅពេលនេះ មិនត្រឹមតែជាការពង្រឹងសមត្ថភាពមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរឹតចំណងមិត្តភាពដែក ថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ទាំងក្នុងកម្រិតស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រ តិបត្តិផងដែរ៕
ដោយ៖ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





