ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ត្រីពាក់ព័ន្ធត្រូវពង្រឹងការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ផ្នែកសុរិយោដីឱ្យបានលឿន និងល្អជាងមុន
AKP ភ្នំពេញ ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ជាពិសេស សេវាសុរិយោដីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងល្អប្រសើរជាងមុនបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ ខណៈដែលឯកឧត្តម និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធដារ អញ្ជើញដឹកនាំកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ស្តីពីការពិភាក្សាលើការ ជំរុញការផ្តល់សេវាសាធារណៈ ជាពិសេស សេវាសុរិយោដីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរថែមទៀត កាលពីររសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។


លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ស្តីពីវឌ្ឍនភាពនៃការផ្តល់សេវាសុរិយោដីរួចមក ឯកឧត្ដម គង់ វិបុល បាន បញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ គឺជារឿងល្អបំផុត ធ្វើយ៉ាងណាឱ្យមន្ត្រីជំនាញពាក់ព័ន្ធអាចបន្ស៊ីការងាររបស់ខ្លូន និងពិភាក្សារិះរកមធ្យោបាយ ដើម្បីជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបានអនុញ្ញាតជូនឯកឧត្ដមអគ្គនាយករង ធ្វើបទបង្ហាញខ្លី ស្តីពីយន្តការនៃការផ្តល់សេវាបង់ពន្ធប្រថាប់ត្រា និងការបង់ពន្ធនានា ដែលអគ្គនាយកដ្ឋានបាននិងកំពុងអនុវត្ត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ហើយផ្តល់លទ្ធភាពជូនមន្ត្រី និងប្រជាពលរដ្ឋ អាចមើលឃើញពីលំហូរចរន្តការលិខិតស្នាមបានដោយងាយស្រួល។
ឯកឧត្ដម ឃួង ស្រេង បានផ្តល់យោបល់ថា គួរមានយន្តការទំនាក់ទំនងផ្ទៃក្នុងរវាងមន្ត្រីផ្តល់សេវាទាំងភាគីអគ្គនាយកដ្ឋានពន្ធដារ ទាំងអង្គភាពច្រកចេញចូលតែមួយ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីជំរុញនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយការលើកឡើងនេះត្រូវបានទទួលការឯកភាពពីឯកឧត្ដម គង់ វិបុល ផងដែរ។


ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ ពិសេសការផ្ដល់សេវាសុរិយោដី និង ជំរុញផ្សព្វផ្សាយបន្ថែមទៀតពីការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ៕
ដោយ៖ សួស សំរិត





