ក្រសួងបរិស្ថាននឹងរៀបចំយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ ចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- តាមរយៈកម្មវិធីផ្សព្វផ្សាយ និងចែកកូនឈើក្រោមប្រធានបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ក្រសួងបរិស្ថាន នឹងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមុខទីស្តីការក្រសួង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា ក្រសួងមានគម្រោងចែកកូនឈើចំនួន ៥លានដើម ក្នុងនោះមានកូនត្នោត ១,៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម នៅតាមទីតាំងសាធារណៈផ្សេងៗ និងដាំស្តារព្រៃសហគមន៍នៅទូទាំងប្រទេសនៅរដូវវស្សាឆ្នាំ២០២៦ នេះ។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ការណែនាំដល់ក្រសួងបរិស្ថានរៀបចំកម្មវិធី «ពន្លកបៃតង» ដើម្បីធ្វើការបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំសម្រាប់យកទៅដាំ ពង្រីកគម្របបៃតងនៅកម្ពុជា និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ឆ្ពោះទៅសម្រេចបានគោលដៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្រសួងបរិស្ថាន បានបណ្តុះកូនឈើរាប់លានដើមរួចរាល់ហើយនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ តាមរយៈកម្មវិធី «ពន្លកបៃតង» នៅមុខទីស្តីការក្រសួងបរិស្ថាន។ លើសពីនេះ ប្រជាពលរដ្ឋអាចទទួលបានកូនឈើតាមរយៈមន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បន្ថែមទៀត៕
ដោយ៖ មករា





