សារធាតុញៀនប្រមាណជិត ១២គីឡូក្រាម ត្រូវបានដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦
AKP កំពង់ចាម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- សារធាតុញៀនប្រមាណជិត ១២គីឡូក្រាម ត្រូវបានដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានលើកឡើងថា គ្រឿងញៀននៅតែជាប្រធានបទដ៏ក្តៅគគុក និងជាក្តីកង្វល់រួមរបស់សង្គមជាតិទាំងមូល ហើយពិធីនេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាដើម្បីកសាងសង្គមមួយដែល «គ្មានគ្រឿងញៀន គ្មានអ្នកប្រើប្រាស់ គ្មានអ្នកបំពានសារធាតុញៀន និងគ្មានការជួញដូរ» នៅក្នុងសហគមន៍ ភូមិ ឃុំ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវរាល់យន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះភ័យមួយនេះ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនមិនមែនជាការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ដើម្បីផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សូមបងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ រួមដៃគ្នាទប់ស្កាត់ និងណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀនដាច់ខាត ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕

ដោយ៖ ឆាយ ម៉ុត





