ប្រជាពលរដ្ឋជាង ១១ម៉ឺននាក់ទទួលបានអត្ថប្រយោជន៍ពីសេវាដឹកជញ្ជូនឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយជួយសន្សំថវិកាជាតិជិត ២,៣លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- រាជរដ្ឋាភិបាលផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងប្រពៃណីជាតិ ឆ្នាំ២០២៦ នេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងសំណាក់បងប្អូនប្រជាពលរដ្ឋ កម្មករ-និយោជិត សិស្ស និស្សិតយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ លោកស្រី ដោ សម្ឆស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះថា លទ្ធផលរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ចំនួនប្រជាពលរដ្ឋដែលបានមកទទួលសេវាដឹកជញ្ជូនឥតគិតថ្លៃនេះ មានសរុបរហូតដល់ ១១៣.៧០៦នាក់។ កំណើនអ្នកជិះរថយន្ដក្រុង និងការធៀបនឹងឆ្នាំចាស់ តាមទិន្នន័យនៃការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៥ កន្លងទៅ ជាមួយនឹងបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០២៦ នេះ ឃើញថា ចំនួនអ្នកធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ ចំនួនអ្នកធ្វើដំណើរបានកើនឡើង ២១.១៨៥នាក់ ត្រូវជាប្រមាណ ២៣% ដែលនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីជំនឿទុកចិត្ត និងភាពពេញនិយមកាន់តែខ្លាំងឡើងរបស់ប្រជាពលរដ្ឋមកលើសេវាសាធារណៈរបស់រាជរដ្ឋាភិបាល។

លោកស្រីបានបន្ដថា ការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសាររបស់ប្រជាពលរដ្ឋផងដែរ ដូចជាការចំណាយជាមធ្យមសម្រាប់ម្នាក់ៗ ដោយក្នុងនោះ ប្រសិនបើប្រជាពលរដ្ឋម្នាក់ៗត្រូវធ្វើដំណើរតាមសេវាដឹកជញ្ជូនឯកជន ពួកគាត់ត្រូវចំណាយថវិកាប្រមាណពី ៦០.០០០រៀល ទៅ ៨០.០០០រៀលក្នុងមួយជើងៗ (ទៅ-មក)។ ថវិកាសរុបដែលបានសន្សំតាមរយៈការប្រើប្រាស់សេវាឥតគិតថ្លៃនេះ ក្នុងអំឡុងពេល ៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ យើងអាចជួយសន្សំថវិកាផ្ទាល់ជូនប្រជាពលរដ្ឋបានចន្លោះពី ១,៧លានដុល្លារអាម៉េរិក ទៅ ២,២៧លានដុល្លារអាម៉េរិកជាមធ្យម។


លោកស្រីបានបន្ដថា ថវិកាដែលបានសន្សំសំចៃយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានក្លាយជាចំណែកមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ-និយោជិត និងសិស្ស និស្សិត យកទៅប្រកបអាជីវកម្ម បង្កើនជីវភាព ឬយកទៅជូនឪពុកម្តាយ និងសាច់ញាតិនៅស្រុកកំណើតក្នុងឱកាសជួបជុំក្រុមគ្រួសារ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពមនុស្សធម៌ និងជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរ និងរាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។


សូមបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕
ដោយ៖ សួស សំរិត





