ក្រសួងសង្គមកិច្ច បើកវេទិកាលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ និងសេវាឯកទេសសង្គមកិច្ច
AKP ភ្មំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម បណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបើកវេទិកាលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ និងសេវាឯកទេសសង្គមកិច្ច។

ឯកឧត្តម បណ្ឌិត អុល រ៉ូ លើកឡើងថា វេទិកានេះរៀបចំឡើងដោយមានគោលបំណង៣ គឺ ទី១ ផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិដែលពាក់ព័ន្ធនឹងក្រសួង ស.អ.យ. ដើម្បីធានាថា រាល់គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ត្រូវបានបញ្ជ្រាបទៅដល់មន្ត្រីជំនាញក្រោមឱវាទក្រសួង ស.អ.យ. និងអ្នកពាក់ព័ន្ធ ដោយប្រធានបទគោលនយោបាយដែលបានលើកយកមកពិភាក្សា រួមមាន ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ គោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា និងសៀវភៅ ស សង្គមកិច្ច។ ទី២ តម្រង់ទិសដល់ស្ថាប័នបណ្តុះបណ្តាលកម្លាំងសេវាសង្គម និងនិស្សិតដែលកំពុងរៀនជំនាញពាក់ព័ន្ធ ផ្តោតលើកិច្ចការស្រាវជ្រាវ និងការអភិវឌ្ឍកម្មវិធីសេវាឯកទេសសង្គមកិច្ច ក្នុងការជំរុញឱ្យមានឯកទេសនីយកម្មនៃសេវាកម្ម និងមុខតំណែងវិជ្ជាជីវៈ ផ្អែកលើតម្រូវការជាក់ស្តែងរបស់អតិថិជន និងទី៣ ប្រមូលធាតុចូលដើម្បីវិភាគជាយុទ្ធសាស្រ្តក្នុងការធ្វើឯកទេសនីយកម្មសេវាសង្គមកិច្ច ដែលត្រូវកំណត់នៅក្នុងគោលនយោបាយជាតិ ស្តីពីសង្គមកិច្ច និងរំពឹងថាអាចជំរុញឱ្យមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវាឯកទេសសំខាន់ៗក្នុងវិស័យសង្គមកិច្ច ដែលអាចគ្រប់ដណ្តប់ទាំង ២៥រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងការបើកវេទិកានេះមានសមាសភាពចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមនាយកវិទ្យាស្ថានជាតិសង្គមកិច្ច លោក លោកស្រី ប្រធានមន្ទីរសង្គមកិច្ចទាំង២៥ រាជធានី ខេត្ត និងនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិសង្គមកិច្ច និងវិទ្យាស្ថានសន្តប៉ូល សរុប ២៥០នាក់៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)





