រដ្ឋសភាកម្ពុជា៖ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជារដ្ឋសភាកម្ពុជាបានទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី -ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩» ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត (AI)»។

កិច្ចប្រជុំនេះដឹកនាំរៀបចំដោយ លោកជំ ទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញជាអធិបតីថ្លែងបើកកម្មវិធី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានមានប្រសាសន៍ថា វេទិកានៅថ្ងៃនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវផ្នែកនយោបាយ និងតថភាពថ្មីៗដែលប្រព័ន្ធសុខាភិបាលកំពុងប្រឈម ខណៈការគ្របដណ្តប់សុខភាពជាសកលនៅតែមិនទាន់ក្លាយជាការពិតសម្រាប់មនុស្សគ្រប់គ្នានៅឡើយ។ ទន្ទឹមគ្នានេះ ក្នុងសម័យកាលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល តួយ៉ាងដូចជា ការវិភាគទិន្នន័យបានលឿន ការជួយធ្វើសេចក្តីសម្រេចចិត្ត និងការកាត់បន្ថយបន្ទុកការងាររដ្ឋបាលជាដើម។

ទោះជាយ៉ាងណាក៏ដោយ បញ្ញាសិប្បនិម្មិត (AI) មិនអាចមកជំនួសក្រុមគ្រូពេទ្យបានឡើយ ពោលគឺវាត្រឹមតែជាឧបករណ៍ជំនួយប៉ុណ្ណោះ។
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានមានប្រសាសន៍រំលេចថា វេទិកាដ៏មានសារសំខាន់នេះបានឆ្លុះ បញ្ចាំងពីគោលបំណងរួមក្នុងការជំរុញការគ្របដណ្ដប់សុខភាពជាសកល ដោយពង្រឹងសមត្ថភាពស្ថាប័នដើម្បីជំរុញសកម្មភាពជាក់ស្ដែង លើកកម្ពស់សុខភាពសាធារណៈ។ ការអនុវត្ត «អភិក្រមតម្កល់ប្រជាជនជាស្នូល» គឺដើម្បីធានាថា ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលអាចទទួលបានសេវាមណ្ឌលសុខភាព និងការព្យាបាលប្រកបដោយគុណភាព ដោយមិនប្រ ឈមនឹងការធ្លាក់ខ្លួនចូលក្នុងបំណុល។

ឯកឧត្តមក៏បានបន្តថា ការប្រែប្រួលអាកាសធាតុក៏កំពុងគំរាមកំហែងដល់ការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ ព្រោះវិបត្តិនេះបានបង្កឱ្យមានការកង្វះខាតស្បៀងអាហារ ហានិភ័យនៃជំងឺរាតត្បាត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលធ្វើឱ្យសេវាព្យាបាលមានភាពរអាក់រអួល។

ចំណែកឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុ ខាភិបាល បានពន្យល់ថា ការគ្របដណ្តប់សុខភាពជាសកល មិនត្រឹមតែជាការផ្តល់ហិរញ្ញប្បទានសុខាភិបាល មន្ទីរពេទ្យ ឱសថ បរិក្ខារ ឬការធានារ៉ាប់រងសុខភាពនោះទេ ប៉ុន្តែជាការផ្តល់នូវតម្លៃនៃជីវិតមនុស្ស ដោយមិនអាស្រ័យលើទីកន្លែងកំណើត អាយុ ប្រាក់ចំណូល ឬការរស់នៅទីក្រុង និងជនបទឡើយ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាមានការរីកចម្រើនល្អប្រសើរ តាមរយៈការអនុវត្តអភិក្រមជាក់ស្តែង និងវិធីសាស្ត្រផ្តោតលើសុខភាពបឋម ការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ព្រមទាំងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍ និងវិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយកត្តាកំណត់នានានៃសុខភាព។

ជាមួយគ្នានោះ លោកបណ្ឌិត Saia Ma’u Piukala នាយកប្រចាំតំបន់ប៉ាស៊ីហ្វ៊ិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងដែរថា សង្គមដែលមានសុខភាពល្អ គឺជាសង្គមដែលមានភាពធន់។ ការវិនិយោគលើសុខភាព គឺជាការវិនិយោគលើក្តីសង្ឃឹម ព្រោះនៅពេលប្រជាជនមានសុខភាពល្អ នោះយើងនឹងមានឱកាស ហើយការវិនិយោគលើសុខភាពក៏ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិផងដែរ។

គួរជម្រាបជូនថា «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ត្រូវរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩ ដែលបានប្រារព្ធធ្វើឡើងនៅពេលនេះ មានការអញ្ជើញចូលរួមពីសមាជិកសភា និងស្ថាប័នសុខាភិបាលមកពី ១៦ ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។ វេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សុខភាពជាសកល និងការបង្កើតប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព និងភាពធន់សម្រាប់ប្រជាជនគ្រប់រូប៕
ដោយ៖ ប៊ុនរិទ្ធ





