ប្រធានាធិបតីអ៊ីរ៉ង់ព្រមានប្រឆាំងនឹងការបែកបាក់ផ្ទៃក្នុង បន្ទាប់ពីកិច្ចចរចាជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគីអាន់ បានព្រមានកាលពីថ្ងៃចន្ទអំពីអ្វីដែលលោកហៅថាសារដែលអាចជំរុញឱ្យមានការបែកបាក់ផ្ទៃក្នុងអ៊ីរ៉ង់ នៅក្នុងសុន្ទរកថាដំបូងរបស់លោកបន្ទាប់ពីការចាប់ផ្តើមកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីស។
នៅក្នុងសុន្ទរកថាមួយនៅទីក្រុងតេអេរ៉ង់ លោក ប៉េហ្សេសគីអាន់ បាននិយាយថា គណៈប្រតិភូចរចាអ៊ីរ៉ង់ បានចូលរួមកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីស «ដោយមិនផ្តល់សម្បទានណាមួយឡើយ»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានISNA។
លោកបាននិយាយថា «រាល់សារដែលនាំឱ្យមានការបែកបាក់ និងភាពមិនចុះសម្រុងគ្នា គឺជាសត្រូវ» ដោយលោកបានសំដៅទៅលើការរិះគន់ក្នុងស្រុកអំពីកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក ប៉េហ្សេសគីអាន់ បាននិយាយថា «អ៊ីរ៉ង់នឹងមិនដកថយទេប្រសិនបើភាគីម្ខាងទៀតមិនអើពើនឹងសិទ្ធិរបស់ខ្លួនក្នុងអំឡុងពេលចរចា»ដោយលោកបានលើកឡើងថា សហរដ្ឋអាមេរិកបានដកថយទៅលើឯកសារលីបង់ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ៊ីរ៉ង់ក្នុងអំឡុងពេលនៃកិច្ចចរចា។
លោកបានបន្ថែមថា «ការអភិវឌ្ឍជាវិជ្ជមានមួយចំនួនត្រូវបានសម្រេច»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី បាននិយាយកាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីស ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា បានបង្កើត «វឌ្ឍនភាពគួរឱ្យកត់សម្គាល់» ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅលីបង់ និងបន្ធូរបន្ថយសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





