បទយកការណ៍៖ ដេប៉ាតឺម៉ង់ភាសាបារាំង ត្រៀមសម្របសម្រួល និងបកប្រែភាសា ជូនថ្នាក់ដឹកនាំ និងភ្ញៀវអន្ដរជាតិ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដែលមានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលជារដ្ឋសមាជិកទាំងអស់ប្រមាណជាង៩០ ប្រទេស នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។

សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះដែរ ក៏នឹងផ្តល់ឱកាសដល់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសដែលប្រើប្រាស់ភាសាបារាំង នូវវេទិកាពិភាក្សាអំពីបញ្ហាស់ខាន់ៗ ទាំងផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយក៏នឹងក្លាយជាឱកាសមួយដើម្បីបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសកម្ពុជា និងប្រទេសជាសមាជិកអ្នកប្រើប្រាស់ភាសាបារាំង ផងដែរ។

តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នេះ កម្ពុជា នឹងបានបង្ហាញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរបស់ខ្លួនជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ហើយអាចពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងការទូតរវាងប្រទេសជាសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ព្រមទាំងអាចបង្កើតឱកាសថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគជាមួយសហគមន៍ដែលប្រើប្រាស់ភាសាបារាំង។
អ្នកជំនាញជាន់ខ្ពស់ ដេប៉ាតឺម៉ង់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះដែរ ដេប៉ាតឺម៉ង់ភាសាបារាំង បានបញ្ចូននិស្សិតចំនួន ៣០នាក់ រួមជាមួយសាស្រ្ដាចារ្យដើម្បីចូលរួមក្នុងព្រឹត្ដិការណ៍នេះ សម្រាប់ធ្វើការសម្របសម្រួល ការទំនាក់ទំនង ឬបកប្រែភាសាជូនដល់ថ្នាក់ដឹកនាំ និងភ្ញៀវអន្ដរជាតិដែលបានអញ្ជើញមកក្នុងកិច្ចប្រជុំកំពូលនេះ។

លោក សុខ លីមស៊្រន់ អនុប្រធានដេប៉ាតឺម៉ង់ភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)ឱ្យដឹងថា ព្រឹត្តិការណ៍នេះ គឺជាកិច្ចប្រជុំនៃក្រុមប្រទេសនិយាយភាសាបារាំង ឬកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំ និងមានប្រទេសដែលជាសមាជិកចូលរួមជាង៩០ប្រទេស។ លោកបានបញ្ជាក់ថា ដេប៉ាតឺម៉ង់ភាសាបារាំង គឺជាចំណែកមួយក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាពេលខាងមុខ ដោយកន្លងមក លោក ក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកបកប្រែផ្ទាល់មាត់នៅក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។ ទន្ទឹមនេះ ដេប៉ាតឺម៉ង់ភាសាបារាំង ក៏បានបញ្ជូននិស្សិតឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ ដែលមានកម្រិតភាសាបារាំងល្អ ទៅចូលរួមធ្វើជាមន្ត្រីសម្របសម្រួលក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ព្រមទាំងទទួលបានការបណ្ដុះបណ្ដាលជាច្រើនលើកច្រើនសារមកហើយ។
លោកអនុប្រធានដេប៉ាតឺម៉ង់ភាសាបារាំងរូបនេះ ក៏បានបញ្ជាក់ទៀតថា ទាក់ទងនឹងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងករណីដែលអ្នករៀបចំត្រូវការមន្ត្រីបកប្រែ មន្ត្រីទំនាក់ទំនង បដិសណ្ឋារកិច្ចភ្ញៀវ ដេប៉ាតឺម៉ង់ភាសាបារាំង នឹងផ្តល់ធនធាននិស្សិតជូន សម្រាប់កិច្ចប្រជុំនេះ។ ដោយឡែក ពាក់ព័ន្ធនឹងការបញ្ចូនសាស្ត្រាចារ្យបង្រៀនទៅចូលរួមក្នុងព្រឹត្ដិការណ៍ គឺមិនទាន់មានចំណាត់ការនៅឡើយទេ ប៉ុន្តែ នឹងមានកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីកំណត់ថាតើយើងមានផែនការ ឬភារកិច្ចអ្វីខ្លះដែលអាចចូលរួមក្នុងព្រឹក្ដិការណ៍នេះបាន បន្ទាប់ពីមានកិច្ចប្រជុំធំជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលកន្លងមក។

លោកបានបញ្ជាក់ផងដែរថា ចំពោះការបកប្រែជូនគណៈប្រតិភូក្នុងកម្រិតទំនាក់ទំនងទូទៅ និស្សិតដេប៉ាតឺម៉ង់ភាសាបារាំង អាចធ្វើបាន ប៉ុន្តែសម្រាប់ការបកប្រែកម្រិតខ្ពស់ គឺតម្រូវឱ្យមានអ្នកជំនាញបកប្រែផ្ទាល់មាត់អាជីព ដើម្បីទៅចូលរួមក្នុងព្រឹត្ដិការណ៍នេះ។ លោក សុខ លីមស៊្រន់ បានអះអាងថា៖ «ទាក់ទងនឹងការងារបកប្រែភាសានេះ យើងអាចចែកចេញជាពីរផ្នែក ឬពីរកម្រិត ហើយប្រសិនបើត្រឹមតែកម្រិតទំនាក់ទំនងទូទៅ យើងជឿជាក់ថា និស្សិតរបស់យើងគាត់អាចធ្វើបាន ដូចជាការនិយាយប្រាស្រ័យទាក់នងមិនមែនជាផ្លូវការនោះទេ យើងអាចផ្ដល់និស្សិតដែលជាអ្នកសម្របសម្រួលជូនដល់ភ្ញៀវអន្ដរជាតិ គឺទៅចូលរួមជួយបាន។ ប៉ុន្ដែ ប្រសិនបើការបកប្រែកម្រិតខ្ពស់ កម្រិតផ្លូវការ ឬកម្រិតរដ្ឋ គឺត្រូវការជំនាញពីសាស្រ្ដាចារ្យ លោកគ្រូ អ្នកគ្រូ ដែលជាអ្នកបកប្រែអាជីពផ្ទាល់មាត់ ដើម្បីចូលរួម។»
ពាក់ព័ន្ធនឹងការទទួលបាននូវអត្ថប្រយោជន៍ ការផ្សព្វផ្សាយពីវប្បធម៌ និងការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ លោក សុខ លីមស៊្រន់ អនុប្រធានដេប៉ាតឺម៉ង់ភាសាបារាំងបានថ្លែងបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជា គឺជាអ្នកដែលមានការស្រឡាញ់ ពេញចិត្តចំពោះភាសាបារាំង ក៏ដូចជាវប្បធម៌ហ្វ្រង់កូហ្វូនី និងមានទឹកចិត្ដទូលំទូលាយ រួសរាយរាក់ទាក់។ លោកបានសង្កត់ធ្ងន់ថា៖ ទាក់ទងនឹងព្រឹត្ដិការណ៍នេះ ប្រទេសកម្ពុជាយើង ត្រូវបង្ហាញឱ្យអន្តរជាតិ ពិសេសសហគមន៍ហ្វ្រង់កូហ្វូនី ដឹងថា ប្រជាជនខ្មែរយើងគឺជាប្រជាជនដែលមានការស្រឡាញ់ ពេញចិត្តចំពោះភាសាបារាំង ក៏ដូចជាវប្បធម៌ហ្វ្រង់កូហ្វូនី។ ប្រជាជនខ្មែរ ជាប្រជាជនដែលមានទឹកចិត្ដបើកទូលាយក្នុងការរាប់អានមិត្តភក្តិជុំវិញពិភពលោក ហើយជាប្រជាជនដែលនិយមសន្តិភាព មានស្នាមញញឹម និងរួសរាយរាក់ទាក់។ អីចឹង យើងត្រូវធ្វើដូចម្ដេច ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ឱ្យដំណើរការបានល្អ រលូន ដើម្បីឱ្យគេដឹងថា ប្រជាជនយើង ជាប្រជាជនស្លូតបូត ញញឹម រួសរាយ ស្រឡាញ់រាប់អានគ្នា រាក់ទាក់ភ្ញៀវអន្ដរជាតិ»។

ទាក់ទងនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះដែរ លោក ជុំ សុខបញ្ញា និស្សិតឆ្នាំទីមួយ ដេប៉ាតឺម៉ង់ភាសាបារាំង វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺពិតជាបានផ្តល់សារៈសំខាន់ដល់ប្រទេសកម្ពុជា ដូចជា ការចងសម្ព័ន្ធមិត្តជាមួយប្រទេសជាសមាជិក ផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា និស្សិតភាសាបារាំង ឬអ្នកចេះភាសាបារាំង ព្រមទាំងលើកតម្កើងប្រទេសជាតិផងដែរ។ និស្សិតរូបនេះបានបន្ដថា កិច្ចប្រជុំនេះ នឹងជំរុញឱ្យនិស្សិតបារាំង ខិតខំប្រឹងប្រែងរៀនសូត្រភាសាបារាំង ដើម្បីមានមុខមាត់ និងចូលរួមលើកស្ទួយប្រទេសជាតិ ឱ្យប្រទេសដទៃទៀតបានស្គាល់កាន់តែច្បាស់អំពីការអភិវឌ្ឍ រីកចម្រើនរបស់កម្ពុជា។
ជាមួយគ្នានេះ និស្សិត ជុំ សុខបញ្ញា ក៏បានបន្ថែមដែរថា៖ «ការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ នឹងធ្វើឱ្យនិស្សិតខិតខំបង្កើនសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ក្នុងការទំនាក់ទំនងភាសាបារាំងជាមួយប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីទាំងអស់។ ធ្វើឱ្យប្រទេសយើងមានកិត្ដិយស មានការស្គាល់ប្រទេសកម្ពុជាកាន់តែខ្លាំង និងធ្វើឱ្យពិភពលោកបានស្គាល់ពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសការលើកស្ទូយផ្នែកការសិក្សាអប់រំ ផ្ដល់ចំណេះដឹង ជំនាញ និងផ្ដល់ឱកាសការងារដល់សិស្ស និស្សិតកម្ពុជា ដែលរៀនភាសាបារាំង បានកាន់តែច្រើនថែមទៀត»។
និស្សិតរូបនេះបានបង្ហាញចំណាប់អារម្មណ៍ទៀតថា ចំពោះការជ្រើសរើសសិក្សាភាសាបារាំង ដោយសារតែសព្វថ្ងៃនេះប្រទេសកម្ពុជា មិនសូវមានយុវជន ឬសិស្ស និស្សិតសិក្សាភាសាបារាំងច្រើននោះទេ ហើយរូបលោកមានបំណងចង់លើកស្ទួយភាសាបារាំង ឱ្យមានការរីកចម្រើនទៅថ្ងៃខាងមុខ ខណៈកម្ពុជា ត្រូវការអ្នកចេះភាសាបារាំង បន្ថែម។ «គោលបំណងដែលខ្ញុំជ្រើសរើសរៀនភាសាបារាំង ព្រោះនៅពេលអនាគត ខ្ញុំចង់ធ្វើជាអ្នកការទូត ដោយសារតែនៅក្នុងប្រទេសកម្ពុជាយើងមិនសូវមានសិស្ស និស្សិត រៀនភាសាបារាំងច្រើន»។ នេះគឺជាការលើកឡើងបន្ថែមរបស់និស្សិត ជុំ សុខបញ្ញា ។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។
ចំណែក កញ្ញា ប៉ោ គីមហេង ជានិស្សិតឆ្នាំទីមួយ នៃ ដេប៉ាតឺម៉ង់ភាសាបារាំង ក៏បានលើកឡើងដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះ គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញមុខមាត់នៅលើឆាកអន្តរជាតិ ក៏ជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌នៅកាន់ពិភពលោក ដែលមានប្រទេសមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រហូតដល់ជាង៩០ប្រទេស ហើយនេះជាមោទនភាពមួយសម្រាប់កូនខ្មែរ និងសម្រាប់ប្រទេសកម្ពុជា ដែលធ្វើឱ្យជនជាតិដទៃទៀតបានស្គាល់ពីប្រទេសកម្ពុជាយើង។ និស្សិតរូបនេះបានឱ្យដឹងទៀតថា នេះគឺជាការលើកកម្ពស់ផ្នែកភាសាបារាំងមួយយ៉ាងល្អសម្រាប់កម្ពុជា ក៏ដូចជានិស្សិតកម្ពុជាដែលរៀនភាសាបារាំង ដែលអាចទទួលបានឱកាសការងារ ការចូលរួមក្នុងព្រឹត្ដិការនានា ជាពិសេស នឹងធ្វើឱ្យភាសាបារាំងកាន់តែមានការរីកចម្រើន និងលូតលាស់កាន់តែខ្លាំងថែមទៀត នៅក្នុងប្រទេសកម្ពុជា។

បើតាម កញ្ញា ប៉ោ គីមហេង កិច្ចប្រជុំកំពូលនេះគឺជាការផ្ដល់ឱកាស និងលើកកម្ពស់ភាសាបារាំងនៅប្រទេសកម្ពុជា និងធ្វើឱ្យភាសាបារាំងមានការរីកដុះដាលនៅកម្ពុជា។ កញ្ញាក៏បានឱ្យដឹងបន្ថែមទៀតថា៖ «ចំពោះខ្ញុំ ការជ្រើសរើសរៀនភាសាបារាំង ដោយសារតែភាសាបារាំង មានលក្ខណៈពិសេសខុសពីភាសាដទៃទៀត ហើយវាក៏ផ្ដល់ឱកាសការងារពេញលេញ និងស្ថិតស្ថេរសម្រាប់ខ្ញុំ ផងដែរ។ សម្រាប់ខ្ញុំ ដែលជ្រើសរើសយកភាសាបារាំង នៅថ្ងៃអនាគត់ ខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាបារាំងម្នាក់ ដូចជាលោកគ្រូ អ្នកគ្រូ របស់ខ្ញុំដែរ»៕

ដោយ៖ រិទ្ធី និង ទេស ច័ន្ទសុធារី





