អាជីពគូគំនូរបុរាណខ្មែរជាមរតកដូនតា អាចចិញ្ចឹមជីវិត និងរួមចំណែកនាំវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់
AKP សៀមរាប ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- គំនូរបុរាណខ្មែរគឺជាសិល្បៈដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីជំនឿ និងជីវភាពរស់នៅ ដោយគំនូរទាំងនោះច្រើនតែបង្ហាញជារូបភាព សត្វ មនុស្ស ទេព ប្រាសាទ រឿងរ៉ាវសាសនា ឬទិដ្ឋភាពជីវភាពប្រជាជន ដែលត្រូវបានគូរលើក្រាំងសម្រាប់កត់ត្រាតម្រា ឬគម្ពីរ ដែលសិល្បៈនេះមិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍កត់ត្រាប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាខ្មែរដ៏សំខាន់ ស្របពេលដែលសិល្បៈនេះនៅពេលបច្ចុប្បន្ន មួយចំនួនបានវិវត្តទៅជាការគូរតាមបែបឌីជីថល។

សិល្បករមួយរូប ដែលមានមូលដ្ឋាននៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប លោក សិទ្ធ ឃន ដែលជាជាងគំនូរ និងជាគ្រូបង្រៀនគំនូរដ៏មានបទពិសោធជាង ២០ឆ្នាំមកហើយ បានឱ្យដឹងថា លោកប្រកបមុខរបរនេះដោយក្តីស្រឡាញ់ និងមានបំណងចង់អភិរក្សសិល្បៈវប្បធម៌ខ្មែរ។ តាមរយៈការគូររូបភាពដែលបង្កប់ដោយអត្តសញ្ញាណជាតិ លោកជឿជាក់ថា វានឹងអាចជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់ ក៏ដូចជាអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានចន្លោះពី៤០០ ទៅ៥០០ដុល្លារអាមេរិក ក្នុងមួយខែផងដែរ។

លោក សិទ្ធ ឃន បានបង្ហាញថា តម្លៃនៃផ្ទាំងគំនូរ គឺស្ថិតនៅលើគុណភាពនៃស្នាដៃ បើស្នាដៃល្អ គំនូរក៏លក់បានតម្លៃខ្ពស់ផងដែរ។ ដូច្នេះ សិល្បៈគំនូរមិនមែនពឹងផ្អែកតែលើទេពកោសល្យពីកំណើតប៉ុណ្ណោះទេ ប៉ុន្តែវាតម្រូវឱ្យមានការតស៊ូ និងការលះបង់ខ្ពស់ ទើបអាចទទួលបានជោគជ័យក្នុងអាជីពនេះ។ លោកថាកន្លងមកសិស្សដែលរៀនជាមួយលោក ខ្លះទទួលបានជោគជ័យក្នុងមុខរបរនេះ ប៉ុន្តែខ្លះទៀតក៏មិនអាចបន្តទៅមុខបានដែរ ដោយសារខ្វះភាពអត់ធ្មត់។

លោកបន្ថែមថា ស្នាដៃគំនូរដែលលោកបង្កើតឡើងភាគច្រើន ផ្តោតលើទិដ្ឋភាពប្រាសាទអង្គរវត្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប។ គំនូរទាំងនេះមានតម្លៃចាប់ពី១៥ដុល្លារអាមេរិកឡើងទៅ ហើយបច្ចុប្បន្នកំពុងទទួលបានការគាំទ្រទាំងការលក់រាយ និងលក់ដុំ ជាពិសេសគំនូរប្រាសាទអង្គរវត្ត ដែលជាជម្រើសចម្បងរបស់អតិថិជន។

សិល្បកររូបនេះក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមគាំទ្រស្នាដៃគំនូរដែលបង្កើតឡើងដោយកូនខ្មែរ ដើម្បីលើកទឹកចិត្តដល់សិល្បករឱ្យបន្តបង្កើតស្នាដៃថ្មីៗដែលមានគុណភាព និងភាពច្នៃប្រឌិត។ គំនូរមិនត្រឹមតែជាការតុបតែងលម្អនោះទេ ប៉ុន្តែវាជាការកត់ត្រានូវទិដ្ឋភាពប្រពៃណី ជីវភាពរស់នៅ និងប្រាសាទបុរាណ ដែលជាមោទនភាពរបស់ជាតិយើង។ ការទិញ ឬការចែកចាយស្នាដៃទាំងនេះ គឺជាការរួមចំណែកក្នុងការអភិរក្សវប្បធម៌ដ៏មានប្រសិទ្ធភាព។ ជាពិសេសការបន្តចូលរួមជាវស្នាដៃគំនូរទាំងនេះ នឹងជួយឱ្យសិល្បករមានជីវភាពកាន់តែប្រសើរ ដែលជាកត្តាជំរុញឱ្យពួកគេអាចបន្តប្រកបរបរនេះបានយូរអង្វែង៕
ដោយ ឃុត សៅ





