កម្ពុជា និងអូស្ដា្រលី ពិភាក្សាលើពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី បាន ឯកឧត្តម Anoulack Chanthivong MP រដ្ឋមន្ត្រីទទួលបន្ទុកបទប្បញ្ញត្តិ និងពាណិជ្ជកម្មយុត្តិធម៌ ឧស្សាហកម្ម និងពាណិជ្ជកម្ម នវានុវត្តន៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំណង់និងការអប់រំកែប្រែ នៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានជួបពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋ New South Wales។ ក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមនេះដែរ ក៏មានការចូលរួមអមដោយកញ្ញា ហេង ហ៊ុយខី អនុព័ន្ធពាណិជ្ជកម្ម និងលោក សំ វឌ្ឍនៈ លេខាធិការទី២ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ។


ក្នុងជំនួបនោះ ភាគីទាំងពីរបាន ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ការទាក់ទាញវិនិយោគ ក៏ដូចជាការពង្រឹងការតភ្ជាប់រវាងស្ថាប័នរដ្ឋ និងវិស័យឯកជននៃភាគីទាំងពីរ ដោយលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច និងសកម្មភាពធុរកិច្ចទៅវិញទៅមកកាន់តែច្រើន ជាពិសេសការពង្រីកទីផ្សារផលិតផលកសិកម្មកែឆ្នៃរបស់កម្ពុជានៅក្នុងរដ្ឋ New South Wales។


ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ផងដែរអំពីបរិយាកាសអំណោយផល និងប្រព័ន្ធលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ តាមរយៈច្បាប់វិនិយោគ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារ ដើម្បីលើកកម្ពស់ការនាំចេញផលិតផលពីកម្ពុជា៕
ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី





