អាល្លឺម៉ង់ និងបារាំងបញ្ចប់កិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងយន្តហោះចម្បាំង FCAS
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានរាយការណ៍កាលពីពេលថ្មីៗនេះដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់ ដែលបាននិយាយថា លោក ហ្រ្វៀដរីច មើស អធិការបតីអាល្លឺម៉ង់ និងលោក អេមម៉ានុយអ៊ែល ម៉ាក្រុន ប្រធានាធិបតីបារាំង បានព្រមព្រៀងគ្នាបញ្ចប់គម្រោងរួមគ្នាមួយ ដើម្បីសាងសង់យន្តហោះចម្បាំង Future Combat Air System (FCAS)។
មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន Politico ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «លោកប្រធានាធិបតី [អេមម៉ានុយអ៊ែល] ម៉ាក្រុន និងអធិការបតីសហព័ន្ធ [លោក ហ្វ្រៀដរីច មើស] បានឈានដល់ការសន្និដ្ឋានរួមគ្នាថាក្រុមហ៊ុនដែលពាក់ព័ន្ធនឹងមិនអាចមករួមគ្នាដើម្បីសាងសង់យន្តហោះចម្បាំងរួមគ្នាបានទេ។ ពួកគេទទួលស្គាល់ការពិតនេះ»។
មេដឹកនាំទាំងពីរបានទទួលស្គាល់ថា ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបAirbus និងក្រុមហ៊ុនផលិតយន្តហោះបារាំង Dassault Aviation មិនអាចដាក់ការខ្វែងគំនិតគ្នារបស់ពួកគេទៅលើភាពជាអ្នកដឹកនាំនៃគម្រោងដែលមានតម្លៃរាប់ពាន់លានអឺរ៉ូនោះទេ។
មន្រ្តីរូបនេះ បាននិយាយថា «ដូច្នេះ លោកអធិការបតីសហព័ន្ធ មើសបានណែនាំលោកប្រធានាធិបតី ម៉ាក្រុន កុំឱ្យបន្តការអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នាបន្ថែមទៀត»។
លោក ហ្គីលឡូមេ ហ្វូរី នាយកប្រតិបត្តិក្រុមហ៊ុន Airbus បានលើកឡើងកាលពីខែកុម្ភៈថា សាជីវកម្មនេះអាចគាំទ្រការបង្កើតគម្រោងយន្តហោះចម្បាំងពីរដាច់ដោយឡែកពីគ្នា ប្រសិនបើត្រូវបានអនុម័តដោយអតិថិជន។ កាលពីខែមីនា លោក អេរីក ត្រេបភ្ញែរ នាយកប្រតិបត្តិក្រុមហ៊ុនDassault Aviation បានពិពណ៌នាអំពីយន្តហោះចម្បាំង FCAS ថា«ស្លាប់» ហើយបានត្អូញត្អែរថា ក្រុមហ៊ុន Airbus លែងចង់ធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកទៅលើគម្រោងនេះទៀតហើយ។
កម្មវិធីប្រព័ន្ធប្រយុទ្ធផ្លូវអាកាសនាពេលអនាគត ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៧ ដើម្បីបង្កើតយន្តហោះចម្បាំងមួយដើម្បីជំនួសយន្តហោះចម្បាំង Rafale ដែលប្រើប្រាស់ដោយប្រទេសបារាំង និងយន្តហោះចម្បាំង Eurofighter ដែលដំណើរការដោយប្រទេសអាល្លឺម៉ង់និងអេស្ប៉ាញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





